តើអ្វីទៅជាកងដាក់ក្រោមស្បែក?
កងដាក់ក្រោមស្បែក ត្រូវបានគេស្គាល់ថាជាកងពន្យារកំណើតក្រោមស្បែក គឺជាមធ្យោបាយពន្យារកំណើតអរម៉ូនរយៈពេលវែង ហើយអាចដកចេញបាន ដែលមានរាងដងតូចមួយដែល ដែលត្រូវបានបញ្ចូលទៅក្រោមស្បែកដៃខាងលើ។ ដងនេះបញ្ចេញអរម៉ូនអាចការពារការមានផ្ទៃពោះពី ៣ ទៅ ៥ ឆ្នាំ។
តើកងដាក់ក្រោមស្បែកមានទំហំធំប៉ុនណាដែរ?
កងដាក់ក្រោមស្បែកមានលក្ខណៈជាដង ឬ កន្សោមរាងស៊ីឡាំង ធ្វើឡើងពីប្លាស្ទិករាងតូចឆ្មាដែលអាចបត់បែនបាន (ទំហំប៉ុនឈើគូស) ដែលដាក់នៅក្រោមស្បែកដៃខាងលើ។ ស្ត្រីមិនដាក់ ឬដកកងក្រោមស្បែកនេះដោយខ្លួនឯងបានទេ។ កងក្រោមស្បែកនេះអាចដាក់ចូលស្បែក ឬដកចេញដោយអ្នកផ្តល់សេវាថែទាំសុខភាពដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវតែប៉ុណ្ណោះ។
តើកងដាក់់ក្រោមស្បែកមានដំណើរការដូចម្តេច?
នៅពេលដាក់ចូលរួចហើយ កងដាក់ក្រោមស្បែកនឹងបញ្ចេញអរម៉ូនប្រូចេសស្តេរ៉ូន (Progesterone) ស្រដៀងទៅនឹងប្រូចេសស្តេរ៉ូនដែលគេមានពីធម្មជាតិនៅក្នុងរាងកាយរបស់ស្ត្រី ផងដែរ។ វាមានដំណើរការដោយ៖
- ការពារអូវែរពីការបញ្ចេញអូវ៊ុល
- ការធ្វើឲ្យទឹករំអិលមាត់ស្បូនកាន់តែក្រាស់ ក្នុងការរារាំងមេជីវិតឈ្មោលមិនឲ្យចូលទៅកាន់កន្លែងតាំងនៅរបស់អូវ៊ុល [1] ។
តើកងដាក់ក្រោមស្បែកមានប្រសិទ្ធភាពរយៈពេលប៉ុន្មានដែរ?
កងដាក់ក្រោមស្បែកអាចការពារពីការមានផ្ទៃពោះរហូតដល់រយៈពេលប្រាំឆ្នាំឯណោះ ហើយវាមានប្រភេទខុសៗគ្នា៖
១. Implanon ឬ Nexplanon គឺជាប្រភេទកងដាក់ក្រោមស្បែកដងមួយដើមដែលមានអរម៉ូន etonogestrel។ វាមានប្រសិទ្ធភាពរយៈពេលបីឆ្នាំ យ៉ាងណាមិញមានការសិក្សាមួយចំនួនដែលបានបង្ហាញថាវាអាចមានប្រសិទ្ធភាពរហូតដល់ប្រាំឆ្នាំ (អាចមើលឃើញលើរូបភាពវិទ្យុសកម្មបាន X-Ray បាន)។
២. Jadelle គឺជាប្រភេទកងដាក់ក្រោមស្បែកដែលមាន ដង ២កំណាត់ហើយមានអរម៉ូន levonorgestrel។ វាមានប្រសិទ្ធភាពរយៈពេល ប្រាំ ឆ្នាំ។
៣. Levoplant — ឬមួយក៏គេហៅថា Sino-implant — មានរូបរាងជាដង ២កំណាត់ដែលមាន អរម៉ូន levonorgestrel។ វាមានប្រសិទ្ធភាពរយៈពេល បី ឆ្នាំ [2]។
តើកងដាក់ក្រោមស្បែកមានប្រសិទ្ធភាពកម្រិតណាដែរ?
វាផ្តល់ការការពារ ៩៩.៩% ប្រឆាំងនឹងការមានផ្ទៃពោះ និងហានិភ័យពាក់ព័ន្ធផ្សេងទៀត រួមទាំងការមានកូនក្រៅស្បូនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាំមួយចំនួនអាចកាត់បន្ថយប្រសិទ្ធភាពនៃកងក្រោមស្បែកបានដែរ។ ប្រសិនបើអ្នកកំពុងតែពិចារណាថាគួរជ្រើសរើសមធ្យោបាយពន្យារកំណើតណាមួយ កុំភ្លេចប្រាប់ថ្នាំដែលអ្នកកំពុងប្រើប្រាស់ទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកផង។