តើថ្នាំចាក់ពន្យារកំណើតបង្ការការមានផ្ទៃពោះតាមវិធីណា?
ការចាក់ថ្នាំពន្យារកំណើត គឺជាសារធាតុរាវដែលផ្ទុកអរម៉ូនសំយោគដែលអាចរកឃើញបាននៅក្នុងរាងកាយរបស់ស្ត្រីដែរ។ ជាធម្មតាវាត្រូវបានចាក់ចូលទៅក្នុងរាងកាយរបស់ស្ត្រីដើម្បីបង្ការការមានផ្ទៃពោះ។ នៅពេលដែលចាក់ថ្នាំនេះហើយ អរម៉ូនត្រូវបានបញ្ចេញយឺតៗទៅក្នុងខ្លួន។ ថ្នាំចាក់មានប្រសិទ្ធភាពជាចម្បង គឺវាទៅរារាំងអូវែរពីការបញ្ចេញអូវ៊ុល។ វាក៏មានអំពើធ្វើឱ្យទឹករំអិលនៅមាត់ស្បូនខាប់ផងដែរ ដើម្បីជួយរារាំងស្ពើមមិនឲ្យចូលទៅយទៅកាន់អូវ៊ុល [1] ។
ប្រភេទនៃថ្នាំចាក់ពន្យារកំណើត
ថ្នាំចាក់ពន្យារកំណើតប្រចាំខែ ឬ ថ្នាំចាក់ពន្យារកំណើតផ្សំ។
គេអាចហៅវាម្យ៉ាងទៀតថាជាថ្នាំចាក់ពន្យារកំណើតផ្សំ។ នៅក្នុងនោះវាមានប្រភេទអរម៉ូនពីរគឺ ប្រូចេសស្តីន និង អេសស្រ្តូសែន (progestin and estrogen) ដែលវាអាចជួយបង្ការអ្នកពីការមានផ្ទៃពោះរយៈពេលមួយខែ។
ថ្នាំចាក់ប្រូចេសស្តីនសុទ្ធ
ថ្នាំចាក់ពន្យារកំណើតនេះមានផ្ទុកប្រូចេសស្តីន (progestin) ដែលជាអរម៉ូនសំយោគស្រដៀងទៅនឹងអរម៉ូនប្រូហ្សេស្តេរ៉ូន (progesterone) ដែលអាចបានរកឃើញដោយធម្មជាតិនៅក្នុងរាងកាយរបស់ស្ត្រី។ វាអាចត្រូវបានចាក់ដោយផ្ទាល់ទៅក្នុងសាច់ដុំ (ចាក់តាមសាច់ដុំ) ឬក្រោមស្បែក (ក្រោមស្បែក)។ ការចាក់ថ្នាំប្រូចេសស្តីនមានពីរប្រភេទ [2] ។
NET-EN ឬ ថ្នាំចាក់ពន្យារកំណើតពីរខែម្តង
ការចាក់ថ្នាំពន្យារកំណើតរយៈពេលខ្លីនេះការពារពីការមានផ្ទៃពោះរយៈពេលពីរខែ។ វាអាចត្រូវបានប្រើដោយស្ត្រីដែលដៃគូជាបុរសបានចងបំពង់បញ្ចេញស្ពែម ហើយកំពុងរង់ចាំឱ្យការចងនេះមានប្រសិទ្ធភាព ស្ត្រីដែលបានទទួលថ្នាំបង្ការជម្ងឺកញ្ជ្រិល និងកំពុងរង់ចាំភាពឲ្យមានអង់ទីករការពារ ឬក្នុងកាលៈទេសៈផ្សេងទៀតដែលរារាំងស្រ្តីពីការប្រើប្រាស់វីធីសាស្រ្តពន្យារកំណើតរយៈពេលខ្លី ឬវិធីពន្យារកំណើតរយៈពេលវែងដែលអាចបញ្ឈប់បាន។ NET-EN ក៏អាចរកបានក្រោមឈ្មោះ Norigest Noristerat និង Syngestal ។
DMPA ឬ ថ្នាំចាក់ពន្យារកំណើតបីខែម្តង
វាអាចបង្ការការមានផ្ទៃពោះរយៈពេលបីខែ។ វាអាចត្រូវបានណែនាំឲ្យប្រើប្រាស់រយៈពេលខ្លី ឬរយៈពេលវែង។ វាអាចត្រូវបានចាក់ចូលទៅក្នុងសាច់ដុំឬ នៅក្រោមស្បែក ។
ថ្នាំចាក់ពន្យារកំណើតក្នុងសាច់ដុំ រាល់បីខែម្តងនេះ ជាធម្មតាត្រូវបានគេហៅថា «ការចាក់ថ្នាំ» «ថ្នាំចាក់» «ការចាក់» «Depo Provera» «Depo» ឬ «Petogen»។
ថ្នាំចាក់ក្រោមស្បែកមានពីរទម្រង់ ជាថ្នាំចាក់ Uniject ដែលដាក់លក់ក្នុងទីផ្សារក្រោមឈ្មោះ Sayana Press និងក្នុងទម្រង់ជាស៊ីរាំងចាក់ក្រោមស្បែក ចាក់តែមួយដូស ហើយបូមហើយស្រាច់ ដែលមាននៅលើទីផ្សារក្រោមឈ្មោះ «Depo-SubQ Provera 104» ។ Uniject របស់ Sayana Press មានម្ជុលតូចមួយដែលងាយស្រួលប្រើ។ ដោយផ្អែកលើច្បាប់នៅក្នុងប្រទេសរបស់អ្នក អ្នកអាចចាក់ថ្នាំ Sayana Press នៅក្នុងកន្លែងថែទាំសុខភាព ឬចាក់វាដោយខ្លួនឯង[3]។ ដើម្បីស្វែងយល់បន្ថែមអំពីខ្លួនឯង សូមចូលទៅកាន់ injectsayanpress.org ។
តើគេប្រើថ្នាំចាក់ពន្យារកំណើតតាមរបៀបណា?
នៅពេលអ្នកសម្រេចចិត្តចាប់ផ្តើមប្រើប្រាស់ថ្នាំចាក់នោះ រឿងដំបូងដែលអ្នកត្រូវធ្វើគឺពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ឬបុគ្គលិកសុខាភិបាលសហគមន៍ថាអ្នកមានលក្ខណៈសមស្របក្នុងការប្រើប្រាស់វិធីសាស្រ្តនេះឬអត់។ អ្នកនឹងត្រូវបានសួរសំណួរមួយចំនួនដើម្បីកំណត់ថាតើវិធីសាស្រ្តនេះគឺសមស្របសម្រាប់អ្នកដែរឬទេ។ អ្នកនឹងត្រូវបានជូនដំណឹងអំពីសុពលភាពនៃការការពារនៃថ្នាំចាក់ពន្យារកំណើត ផលរំខានដែលអ្នកត្រូវកត់សម្គាល់ និងពេលណាដែលអ្នកត្រូវទៅចាក់ម្តងទៀត។
ការចាក់ថ្នាំចូលសាច់ដុំត្រូវបានចាក់ដោយអ្នកផ្តល់សេវាថែទាំសុខភាព ចំណែកឯការចាក់ថ្នាំក្រោមស្បែក អាចត្រូវបានចាក់ដោយអ្នកផ្តល់សេវាថែទាំសុខភាព ឬដោយខ្លួនអ្នកផ្ទាល់នៅផ្ទះ។
តើនៅពេលណាដែលអ្នកត្រូវចាក់ដូសដំបូងនៃថ្នាំចាក់ពន្យារកំណើត?
- ចាក់នៅថ្ងៃណាក៏បាននៅរវាងថ្ងៃទី មួយ និង ថ្ងៃទីប្រាំនៃវដ្តរដូវរបស់អ្នក ដោយមិនចាំបាច់ប្រើវីធីសាស្រ្តពន្យារកំណើតណាមួយផ្សេងដើម្បីជំនួសទេ (នេះគឺដោយសារការការពារមានប្រសិទ្ធភាពភ្លាមៗ)
- អ្នកអាចចាក់ថ្នាំបាននៅថ្ងៃណាក៏ដោយដែរនៅក្នុងវដ្តរដូវរបស់អ្នកឲ្យតែអ្នកមានមធ្យោបាយពន្យារកំណើតសម្រាប់ប្រើប្រាស់ក្នុងពេលតែមួយ ដូចជាស្រោមអនាម័យជាដើម រយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីការចាក់។
- ភ្លាមៗបន្ទាប់ពីដកកងក្នុងស្បូនចេញ (នៅក្នុងករណីនេះ ការប្រើវិធីសាស្រ្តពន្យារកំណើតបម្រុងទុកគឺមិនមានការចាំបាច់នោះទេ)។
- ភ្លាមៗបន្ទាប់់ពីការរំលូតកូននៅត្រីមាសទី១ និងត្រីមាសទី ២ ឬ ពេលណាក៏ដោយបន្ទាប់ពីនោះ។
- អាចចាក់នៅពេលណាក៏ដោយបន្ទាប់ពីរយៈពេលក្រោយសម្រាល ឬ អាចឆាប់ជាងនឹងក្នុងស្រ្តីដែលបំបៅដោះកូន [4]។
តើគេចាក់ថ្នាំនេះចូលត្រង់កន្លែងណានៃរាងកាយ?
ចាក់ថ្នាំ DMPA ចូលក្នុងសាច់ដុំ
វាត្រូវបានចាក់ចូលទៅក្នុងដៃខាងលើ ត្រគាក ឬកំបេះគូទ។ ក្នុងពេលជាមួយគ្នានេះដែរ ការចាក់នៅក្រោមស្បែកជាធម្មតាត្រូវបានចាក់នៅក្រោមស្បែកបន្តិច ឬចាក់ចូលក្បាលពោះ ផ្នែកខាងក្រោយនៃដៃខាងលើ ឬផ្នែកខាងមុខនៃភ្លៅ។ ប្រសិនបើអ្នកអាចចាក់ដោយខ្លួនឯងបាន អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនឹងផ្តល់ការណែនាំចាំបាច់សម្រាប់ឲ្យអ្នកធ្វើតាម [5] ។
ថ្នាំចាក់ NET-EN (រយៈពេល ២ ខែម្តង)
នេះជាការចាក់ជ្រៅចូលសាច់ដុំ ហើយត្រូវបានគេចាក់ចូលដៃខាងលើ នៅត្រគៀក និង គូទ ដែលអាចមានការឈឺចាប់ជាងការចាក់ថ្នាំ DMPA ។
ការចាក់ថ្នាំជារៀងរាល់ខែ
នេះជាការចាក់់ចូលសាច់ដុំជ្រៅនៅដៃផ្នែកខាងលើ នៅត្រគៀក ឬ ផ្នែកខាងក្រៅនៃភ្លៅ។
តើខ្ញុំអាចចាក់ថ្នាំឆាប់ ជាងឬយឺតជាងកាលវិភាគចាក់ថ្នាំ រយៈពេលប៉ុន្មាន?
ការយឺតយ៉ាវក្នុងការចាក់ថ្នាំរបស់អ្នកអាចកាត់បន្ថយប្រសិទ្ធភាពនៃការពន្យារកំណើតបាន។ ប្រសិនបើអ្នកឧស្សាហ៏ភ្លេចភ្លាំងកាលបរិច្ឆេទចាក់ថ្នាំរបស់អ្នក អ្នកអាចកំណត់សាររំលឹកនៅលើទូរសព្ទរបស់អ្នក ឬកត់ថ្ងៃនៅក្នុងប្រតិទិនរបស់អ្នក ដើម្បីកុំឲ្យភ្លេចហើយចាក់បានទាន់កាលវិភាគ។ ប្រសិនបើអ្នកខាកខានមិនបានចាក់ថ្នាំតាមកាលបរិច្ឆេទកំណត់ទេ គេមានការកំណត់ថាអ្នកអាចចាក់បានលឿនឬ យឺតក្នុងកម្រិតណា។
សម្រាប់ថ្នាំចាក់ DMPA (ថ្នាំចាក់រាល់ខែ)
អ្នកអាចចាក់មុនពេលកំណត់រយៈពេលពីរសប្តាហ៍ ឬ បួនសប្តាហ៍បន្ទាប់ពីពេលដែលបានកំណត់។
សម្រាប់់ថ្នាំចាក់ NET-EN (ចាក់រាល់ពីរខែម្តង)
អ្នកអាចចាក់់ថ្នាំនេះត្រឹមពីរសប្តាហ៍មុន ឬ ក្រោយពេលកំណត់បាន។
សម្រាប់ការចាក់រាល់ខែ
អ្នកអាចចាក់វាបានមុនប្រាំពីរថ្ងៃ ឬ ក្រោយប្រាំពីរថ្ងៃពីថ្ងៃកំណត់ចាក់ថ្នាំរបស់អ្នក។
ស្រ្តីដែលចង់ប្រើថ្នាំចាក់ DMPA (Depo ឬ រាល់ ៣ ខែម្តង) ក្នុងទម្រង់ជាវីធីសាស្រ្តពន្យារកំណើតរយៈពេលវែង
ប្រសិនបើអ្នកសម្រេចចិត្តប្រើ DMPA ជាវិធីសាស្រ្តពន្យារកំណើតរយៈពេលវែង គេណែនាំឱ្យអ្នកទៅពិនិត្យសុខភាពរៀងរាល់ពីរឆ្នាំម្តង ដើម្បីវាយតម្លៃស្ថានភាពសុខភាពរបស់អ្នក ដើម្បីពិភាក្សាអំពីហានិភ័យ និងអត្ថប្រយោជន៍របស់វា។ អ្នកដែលឈានដល់អាយុ ៥០ ឆ្នាំត្រូវបានគេណែនាំឱ្យប្តូរទៅវិធីសាស្រ្តផ្សេង ប៉ុន្តែប្រសិនបើពួកគេចង់បន្តប្រើវិធីសាស្រ្តនេះ ពួកគេគប្បីគួរឲ្យអ្នកជំនាញវាយតម្លៃស្ថានភាពសុខភាពរបស់ពួកគេសិន ដើម្បីដឹងពីហានិភ័យដែលអាចកើតមាន និងផ្តល់ការណែនាំតាមនោះទៀត។