តើខ្ញុំអាចដកកងក្រោមស្បែកចេញនៅកន្លែងណាដែរ?
បុគ្គលម្នាក់អាចសម្រេចចិត្តយកកងក្រោមស្បែកចេញដោយហេតុផលផ្សេងៗ រួមមានទាំង ការចង់មានផ្ទៃពោះ ប្តូរទៅប្រើមធ្យោបាយពន្យារកំណើតផ្សេងទៀត ឬជំនួសកងចាស់ជាមួយនឹងកងថ្មី។ ដូចគ្នាជាមួយនឹងការបញ្ចូលដែរ ការដកចេញចាំបាច់ត្រូវតែធ្វើឡើងដោយអ្នកផ្តល់សេវាថែទាំសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
សម្រាប់ការដកកងចេញ អ្នកផ្តល់សេវារបស់អ្នកនឹងចាក់ថ្នាំស្ពឺកនៅលើដៃឲ្យអ្នក គេនឹងធ្វើការវះកាត់ស្បែករបស់អ្នកបន្តិច ហើយដកយកកងនោះចេញ។ ប្រសិនបើអ្នកចង់បន្តប្រើប្រាស់កងក្រោមស្បែកជាមធ្យោបាយពន្យារកំណើតរបស់អ្នក អ្នកអាចដាក់បញ្ចូលកងថ្មីមួយទៀតភ្លាមៗ [5] ។
តើខ្ញុំអាចដកកងក្រោមស្បែកចេញដោយខ្លួនឯងនៅផ្ទះដែរឬទេ?
អត់ទេ។ ការដកកងក្រោមស្បែកចេញនៅផ្ទះ មិនមែនជាជម្រើសនោះទេ។ មនុស្សតែមួយគត់ដែលអាចដកវាចេញបានគឺជាអ្នកផ្តល់សេវាដែលមានការបណ្តុះបណ្តាលពិសេស។
តើនឹងមានអ្វីកើតឡើងប្រសិនបើកងក្រោមស្បែកហួសថ្ងៃផុតកំណត់?
កងដាក់ក្រោមស្បែកត្រូវបានបង្កើតឡើងដើម្បីបញ្ចេញអរម៉ូនដែលអាចការពារអ្នកពីការមានផ្ទៃពោះក្នុងរយៈពេលជាក់លាក់មួយ។ នៅពេលដែលរយៈពេលនេះបានហួសផុតហើយ សមត្ថភាពនៃកងក្នុងការបញ្ចេញអរម៉ូនទាំងនេះនឹងថយចុះ។ ដូច្នេះ អ្នកប្រឈមនឹងហានិភ័យនៃការមានផ្ទៃពោះ ហើយមានអត្រាតិចតួចនូវការមានកូនក្រៅស្បូន។ កំឡុងពេលដាក់បញ្ចូល សូមកត់សម្គាល់កាលបរិច្ឆេទដែលត្រូវដកចេញវិញ ឬសុំឱ្យអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នករំលឹកអ្នកនៅពេលដែលជិតដល់ពេលត្រូវយកចេញ។ ក្នុងករណីដែលអ្នកពន្យារពេលដកកងក្រោមស្បែកដែលផុតកំណត់ចេញ អ្នកត្រូវតែប្រើវិធីសាស្រ្តពន្យារកំណើតមួយទៀតរហូតដល់ពេលដែលអ្នកអាចផ្លាស់ប្តូរដាក់កងថ្មីបាន ឬប្តូរទៅប្រើវិធីសាស្រ្តពន្យារកំណើតមួយផ្សេងទៀត។
ចុះបើខ្ញុំចង់មានផ្ទៃពោះ តែខ្ញុំមានកងដាក់ក្រោមស្បែក?
ខណៈពេលដែលកងដាក់ក្រោមស្បែក ជាមធ្យោបាយពន្យារកំណើតរយៈពេលវែងដែលអាចមានសុពលភាពរហូតដល់ ៥ ឆ្នាំ អ្នកគួរតែអាចដកវាចេញបានគ្រប់ពេលវេលា និងដោយហេតុផលណាមួយក៏បាន រួមទាំងហេតុផលចង់មានផ្ទៃពោះផងដែរ។ ដូចវិធីសាស្រ្តពន្យារកំណើតផ្សេងទៀតដែរ កងដាក់ក្រោមស្បែកអាចដកចេញបាន ហើយស្ត្រីភាគច្រើននឹងបញ្ចេញអូវ៊ុលពីរបីសប្តាហ៍បន្ទាប់ពីការដកកងក្រោមស្បែក។ ក្រុមហ៊ុនផលិត Nexplanon ថែមទាំងបានធ្វើការអះអាងថា មនុស្សម្នាក់អាចមានផ្ទៃពោះបានវិញក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការដកកងក្រោមស្បែកចេញ។