តើអ្វីទៅជាកងទ្វារមាស?
កងទ្វារមាស ដែលត្រូវបានគេស្គាល់ថាជា «កងពន្យារកំណើតតាមទ្វារមាស» «ចិញ្ចៀនពន្យារកំណើត» ឬ កងនូវ៉ា (NuvaRing) គឺជាកងតូចមួយដែលអាចពត់បាន ដែលស្ត្រីអាចស៊កចូលទៅក្នុងទ្វារមាសជាទម្រង់នៃការពន្យារកំណើតបាន។ វាមានកម្រាស់ ៤mm និងមានអង្កត់ផ្ចិត ៥.៥ cm។
វាត្រូវបានពាក់សម្រាប់រយៈពេលបីសប្តាហ៍ បន្ទាប់អ្នកត្រូវដកវាចេញសម្រាប់រយៈពេលមួយសប្តាហ៍ មុនពេលចាប់ផ្តើមស៊កបញ្ចូលវាវិញតាមកាលវិភាគបែបនេះម្តងទៀត។
ប្រសិទ្ធិភាពរបស់កងទ្វារមាស
ជាមួយនឹងការប្រើប្រាស់ដ៏ល្អឥតខ្ចោះ កងទ្វារមាសនឹងការពារការមានគភ៌ក្នុងស្រ្តី ៩៩ នាក់ក្នុងចំណោមស្ត្រី ១០០ នាក់។ ជាមួយនឹងការប្រើប្រាស់តាមរបៀបធម្មតា ឬវិធីដែលមនុស្សភាគច្រើនប្រើវា កងទ្វារមាសអាចការពារការមានផ្ទៃពោះក្នុងស្ត្រី ៩៣ នាក់ក្នុងចំណោមស្រ្តី ១០០ នាក់ [1] ។
តើកងទ្វារមាសមានដំណើរការដូចម្តេច?
កងទ្វារមាសពន្យារកំណើតមានផ្ទុកអរម៉ូនអ៊ឹស្ត្រូសែន (estrogen) និងប្រូជេស្ទីន (progestin) ដែលស្រដៀងទៅនឹងអរម៉ូនអ៊ឹស្ត្រូសែន (estrogen) និងប្រូហ្សេស្តេរ៉ូន (progesterone) ដែលត្រូវបានរកឃើញដោយធម្មជាតិនៅក្នុងរាងកាយរបស់ស្ត្រីដែរ។ កងទ្វារមាសបញ្ចេញអរម៉ូនពីរដែលត្រូវបានស្រូបតាមជញ្ជាំងទ្វារមាសដោយផ្ទាល់ទៅក្នុងចរន្តឈាមរបស់ស្ត្រី។
កងទ្វារមាសអាចការពារការមានគភ៌តាមយន្តការពីរយ៉ាង៖ វាបញ្ចេញអរម៉ូនដែលការពារអូវែរពីការបញ្ចេញអូវ៊ុល និងធ្វើឲ្យទឹករំអិលមាត់ស្បូនរបស់អ្នកខាប់ ដើម្បីរារាំងមេជីវិតឈ្មោលមិនឲ្យចូលទៅក្នុងអូវ៊ុល។ វាការពារពីការមានផ្ទៃពោះរយៈពេលមួយខែសម្រាប់ការប្រើប្រាស់គ្រប់មួយវដ្តរបស់វា [2] ។
ប្រភេទនៃកងទ្វារមាស
កងទ្វារមាសពន្យារកំណើតមានពីរប្រភេទសំខាន់ៗ៖ កងទ្វារមាសដែលមិនអាចប្រើប្រាស់ឡើងវិញ និងកងទ្វារមាសដែលអាចប្រើឡើងវិញ។
កងទ្វារមាសដែលមិនអាចប្រើឡើងវិញបានត្រូវបោះចោលបន្ទាប់ពីប្រើវាសម្រាប់វដ្តប្រើប្រាស់ ឧទាហរណ៍គឺ NuvaRing និង EluRyng ដែលត្រូវបានចេញវេជ្ជបញ្ជាសម្រាប់រយៈពេលបីសប្តាហ៍នៃការប្រើប្រាស់។
កងទ្វារមាសដែលអាចប្រើឡើងវិញបានក៏ត្រូវបានគេប្រើតាមរបៀបដូចគ្នាទៅនឹងកងទ្វារមាសដែលមិនអាចប្រើឡើងវិញបានដែរ។ ទោះយ៉ាងណាក៏ដោយនៅពេលដែលអ្នកយកវាចេញបន្ទាប់ពីបីសប្តាហ៍ នោះអ្នកត្រូវលាងវាឲ្យស្អាតជាមួយនឹងទឹក និងសាប៊ូដែលស្រាល សម្ងួតវាឲ្យស្ងួត ហើយទុករយៈពេលប្រាំពីរថ្ងៃ។ បន្ទាប់ពីអ្នកអត់ប្រើវារយៈពេលប្រាំពីរថ្ងៃ វាត្រូវបានស៊កបញ្ចូលទៅក្នុងទ្វារមាសវិញ។ វាមានអរម៉ូនដែលអាចមានប្រសិទ្ធភាពរហូតដល់រយៈពេលមួយឆ្នាំឯណោះ ប៉ុន្តែមិនមានន័យថាវាមិនគួរយកវាចេញទាល់តែសោះរយៈពេលមួយឆ្នាំពេញនោះទេ។ បន្ទាប់ពីមួយឆ្នាំ អ្នកត្រូវបោះវាចោលដូចកងទ្វារមាសមិនអាចប្រើប្រាស់ឡើងវិញដែរ។ ឧទាហរណ៍ដ៏ល្អមួយនៃប្រភេទកងទ្វារមាសនេះ ឬ កងទ្វារមាសពន្យារកំណើត Annovera ។