តើអ្វីទៅជាការចងដៃស្បូន?
ការចងដៃស្បូនដែលត្រូវបានគេស្គាល់ផងដែរថាជា «ការគ្រៀវដៃស្បូន» «ការគ្រៀវស្ត្រី» «ការចងដៃស្បូនទាំងសងខាង» «ការពន្យារកំណើតដោយស្ម័គ្រចិត្តធ្វើការវះកាត់» «ការវះពោះតូចបំផុត» «ការយកដៃស្បូនចេញ» «ការវះកាត់» ឬ «ការចងបំពង់របស់អ្នក» គឺជាទម្រង់ពន្យារកំណើតអចិន្ត្រៃយ៍ដែលពាំងផ្លូវដៃស្បូនដើម្បីការពារស្ត្រីពីការមានផ្ទៃពោះ។ វាជាវិធីវះកាត់ដែលត្រូវបានរចនាឡើងសម្រាប់អ្នកដែលមិនមានបំណងចង់មានកូន ឬអ្នកដែលមានកូនច្រើនប្រសិនបើពួកគេជាឪពុកម្តាយរួចហើយ (1)។
ពាក្យបំពង់មានន័យថាដៃស្បូននេះឯង។ អូវ៊ុលដែលបញ្ចេញដោយអូវែរធ្វើដំណើរទៅកាន់ស្បូនតាមរយៈបំពង់ fallopian ឬ ហៅសាមញ្ញថាដៃស្បូន។
ពាក្យថាចង (ligation) មានន័យថាការបិទផ្លូវ ឬចងអ្វីមួយ។ ការចងនៃដៃស្បូនរារាំងអូវ៊ុលមិនឲ្យធ្វើដំណើរចុះទៅក្រោមនៃដៃស្បូនដើម្បីទៅជួបមេជីវិតឈ្មោលហើយបង្កឲ្យមានការបង្កកំណើត។
ដូចគ្នានឹងការវះកាត់បំពង់មេជីវិត (ការពន្យារកំណើតអចិន្ត្រៃយ៍សម្រាប់បុរស) ការចងដៃស្បូនមានគោលបំណងផ្តល់ការការពារជាអចិន្ត្រៃយ៍ និង យូរអង្វែង និងមានប្រសិទ្ធភាពខ្ពស់ ពីការមានផ្ទៃពោះ។ ក្នុងករណីភាគច្រើន អ្នកមិនអាចតដៃស្បូនឲ្យដូចដើមវិញនោះទេជាមួយវិធីសាស្ត្រនេះទេ ហើយការព្យាយាមតវាឡើងវិញ ជាធម្មតាមានការលំបាក អស់ថវិការច្រើន និងមិនងាយរកបានកន្លែងដែលផ្តល់ការវះកាត់តដៃស្បូនវិញបន្ទាប់ពីការគ្រៀវនោះទេ។ ក្នុងករណីដែលអ្នកបានទទួលការតភ្ជាប់ដៃស្បូនឡើងវិញក៏ដោយ ក៏មិនធានាថាវានឹងត្រឡប់ទៅរកការមានគភ៌បានវិញដែរ។ មានតែ ៥០-៨០% នៃអ្នកដែលបានតភ្ជាប់ដៃស្បូនឡើងវិញ នឹងអាចមានផ្ទៃពោះបាន (2) ។
តើនៅក្នុងកាលៈទេសៈណាដែលការគ្រៀវស្រ្តីជាជម្រើសល្អ?
– បើការមានផ្ទៃពោះនឹងបង្កបញ្ហាសុខភាពធ្ងន់ធ្ងរ។
-ប្រសិនបើមានហេតុផលវេជ្ជសាស្រ្ត ដែលហាមឃាត់មិនឲ្យអ្នក ឬដៃគូរបស់មានផ្ទៃពោះនោះទេ ការគ្រៀវអាចជាជម្រើសដ៏ល្អ។
– អ្នកប្រាកដច្បាស់ថាអ្នកមិនចង់មានផ្ទៃពោះ ឬមានកូននោះទេ។
តើការចងដៃស្បូនមានប្រសិទ្ធភាពដូចម្តេចខ្លះ?
ការចងដៃស្បូន គឺជាវិធីសាស្រ្តពន្យារកំណើតដ៏មានប្រសិទ្ធភាពបំផុតមួយ។ ទោះយ៉ាងណាក៏ដោយ វិធីសាស្រ្តនេះក៏មានឱកាសតិចតួចដែលអាចបរាជ័យដែរ។
ក្នុងអំឡុងពេលមួយឆ្នាំដំបូងនៃការចងដៃស្បូន មានមនុស្សតិចជាង ១% នឹងមានផ្ទៃពោះ។ នេះមានន័យថាមានតែមនុស្ស ៥ នាក់ ប៉ុណ្ណោះក្នុងចំណោម ១,០០០ នាក់ប៉ុណ្ណោះដែលអាចនឹងមានផ្ទៃពោះក្នុងអំឡុងពេលមួយឆ្នាំដំបូងនៃការចងដៃស្បូន។ ក្រោយពេលមួយឆ្នាំដំបូង រហូតដល់ពេលដែលស្ត្រីឈានដល់ការអស់រដូវ ហានិភ័យតិចតួចក្នុងការមានផ្ទៃពោះនៅតែមាន។ ក្នុងរយៈពេល ១០ ឆ្នាំនៃការចងដៃស្បូន ប្រមាណជា ២% នៃអ្នកដែលប្រើប្រាស់វិធីសាស្រ្តពន្យាកំណើតនេះនឹងមានផ្ទៃពោះ (ស្ត្រី ១៨-១៩ នាក់សម្រាប់រៀងរាល់ ១,០០០ នាក់)។
ខណៈពេលដែលហានិភ័យនៃការមានផ្ទៃពោះមានកម្រិតទាបសម្រាប់ការចងដៃស្បូនគ្រប់បច្ចេកទេសនៃការវះកាត់ ប្រសិទ្ធភាពនៃបច្ចេកទេសវះកាត់នីមួយៗមានភាពខុសគ្នាបន្តិចបន្តួច។ អ្នកដែលមានគភ៌ភ្លាមៗបន្ទាប់ពីសម្រាលកូនរួច មានហានិភ័យនៃការមានផ្ទៃពោះទាបបំផុត (3)។
តើស្រ្តីអាចចងដៃស្បូននៅពេលណាដែរ?
– ការចងដៃស្បូនអាចធ្វើឡើងបាននៅណាក៏បាន ដរាបណាគេអាចបញ្ជាក់ថាអ្នកមិនមានផ្ទៃពោះពិតមែន ។
– ប្រសិនបើអ្នកចងដៃស្បូនក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីការចាប់ផ្តើមនៃការមករដូវរបស់អ្នក នោះអ្នកនឹងមិនចាំបាច់ប្រើវិធីសាស្រ្តពន្យារកំណើតផ្សេងទៀតមុនពេលវះកាត់នោះទេ។
– ប្រសិនបើលើសពីប្រាំពីរថ្ងៃបានកន្លងផុតទៅចាប់តាំងពីការចាប់ផ្តើមនៃការមករដូវចុងក្រោយរបស់អ្នក អ្នកអាចធ្វើការចងដៃស្បូននៅពេលណាក៏បាន ដរាបណាអ្នកមិនមានផ្ទៃពោះ។
– ប្រសិនបើអ្នកកំពុងផ្លាស់ប្តូរពីការប្រើថ្នាំគ្រាប់ពន្យារកំណើត អ្នកអាចបន្តប្រើថ្នាំគ្រាប់ពន្យារកំណើតរហូតដល់អ្នកញ៉ាំថ្នាំអស់មួយបន្ទះដើម្បីឲ្យទៀងវដ្តនៃការញ៉ាំថ្នាំពន្យាកំណើតរបស់អ្នក។
– ប្រសិនបើអ្នកកំពុងប្តូរពីការដាក់កងក្នុងស្បូន អ្នកអាចធ្វើការចងដៃស្បូនភ្លាមៗ បន្ទាប់ពីគេបានដកកងក្នុងស្បូនចេញពីស្បូនរួចហើយ។
– ប្រសិនបើអ្នកចង់ធ្វើការចងដៃស្បូនក្រោយសម្រាលកូន អ្នកអាចធ្វើបានក្នុងរយៈពេលប្រាំពីរថ្ងៃ ឬប្រាំមួយសប្តាហ៍ក្រោយសម្រាល ដរាបណាអ្នកត្រូវបានកំណត់ថាមិនមានផ្ទៃពោះពិតមែន។
– ប្រសិនបើអ្នកបានរលូត ឬរំលូតដោយមិនមានផលវិបាកអ្វីនោះទេ ការចងដៃស្បូនអាចធ្វើឡើងក្នុងរយៈពេល ៤៨ ម៉ោងក្រោយពីការរលូត ឬ រំលូត។
– ប្រសិនបើអ្នកបានលេបថ្នាំពន្យារកំណើតបន្ទាន់ ការចងដៃស្បូននឹងមានប្រសិទ្ធភាពភ្លាមៗ ប្រសិនបើអ្នកបានវះកាត់ក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីការចាប់ផ្តើមនៃវដ្តរដូវបន្ទាប់របស់អ្នក (4)។