– ការរៀបចំមុនទទួលការវះកាត់ចងដៃស្បូន ចាប់ផ្តើមជាមួយនឹងការសម្រេចចិត្តប្រកបដោយការយល់ដឹងទាក់ទងនឹងការវះកាត់ចងដៃស្បូន។
– ធ្វើការណាត់ជួបជាមុនជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ ក្នុងអំឡុងពេលនៃការណាត់ជួបនេះ វេជ្ជបណ្ឌិតនឹងពិនិត្យមើលប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក ក៏ដូចជា ពន្យល់ពីនីតិវិធីដល់អ្នក និងឆ្លើយតបទៅនឹងសំណួរណាមួយដែលអ្នកអាចនឹងមាន។ វេជ្ជបណ្ឌិតអាចណែនាំអ្នកឲ្យធ្វើតេស្តមន្ទីរពិសោធន៍មួយចំនួនដែលនឹងជួយកំណត់ថាអ្នកសមប្រកបលក្ខខណ្ឌដែលអាចទទួលបានការចងដៃស្បូននេះឬអត់។ តេស្តមួយក្នុងចំណោមនោះអាចមានការធ្វើតេស្តមានផ្ទៃពោះដែរ។
– នៅពេលដែលអ្នកត្រូវបានកំណត់ថាអាចទទួលការវះកាត់នេះបាន អ្នកផ្តល់សេវាថែទាំសុខភាពនឹងផ្តល់ឲ្យអ្នកនូវការណែនាំជាក់លាក់នូវអ្វីដែលអ្នកត្រូវធ្វើមុនការវះកាត់ ដែលក្នុងនោះមានរួមទាំងប្រភេទអាហារ ភេសជ្ជៈ និងថ្នាំដែលអ្នកត្រូវជៀសវាង។ អ្នកនឹងត្រូវបានណែនាំអំពីសកម្មភាពណាខ្លះដែលអ្នកមិនអាចធ្វើបាន។ ឧទាហរណ៍ អ្នកមិនអាចផឹកគ្រឿងស្រវឹង ឬជក់បារីយ៉ាងហោចណាស់ពីរសប្តាហ៍មុននឹងធ្វើការវះកាត់។ ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំណាមួយ អ្នកគួរតែប្រាប់វាទៅកាន់អ្នកផ្តល់សេវាដើម្បីកំណត់ថាតើវាអាចរំខានដល់ដំណើរការវះកាត់ឬអត់ ហើយតើអ្នកគួរតែឈប់ប្រើថ្នាំនេះឬអត់។ វាមានសារៈសំខាន់ណាស់ក្នុងការធ្វើតាមការណែនាំទាំងអស់នេះ។
– ជាចុងក្រោយ អ្នកត្រូវរៀបចំមធ្យោបាយទៅផ្ទះវិញបន្ទាប់ពីវះកាត់រួច។ បន្ទាប់ពីការវះកាត់ អ្នកអាចនឹងត្រូវការឲ្យមាននរណាម្នាក់ជូនអ្នកទៅផ្ទះវិញ។
តើការចងដៃស្បូនត្រូវការថ្នាំសណ្តំ ឬ ថ្នាំស្ពឹកដែរឬទេ?
Laparoscopy, mini-laparotomy និង laparotomy ទាមទារការវះពោះ ហើយសម្រាប់ហេតុផលនេះ អ្នកនឹងត្រូវការការប្រើថ្នាំសន្លប់។ ចំពោះការធ្វើលូកចូលតាមមាត់ស្បូនវិញ ( hysteroscopic tubal ligation) ដែលធ្វើឡើងនៅក្នុងបន្ទប់វះកាត់ អ្នកនឹងមានជម្រើសនៃការ ដាក់ថ្នាំសណ្តំ ឬការប្រើថ្នាំសន្លប់ទូទៅ។ ប្រសិនបើគេធ្វើវាឡើងនៅតាមគ្លីនិកធម្មតា គេអាចឲ្យថ្នាំសណ្តំស្រាលបំផុត ឬការចាក់ថ្នាំស្ពឹកនៅសរសៃប្រសាទនៅក្បែរកគឺជម្រើសដ៏ល្អប្រសិនបើអាចធ្វើបានប្រកបដោយសុវត្ថិភាព។