– ស្ត្រីដែលបានចងដៃស្បូនអាចទៅផ្ទះវិញក្នុងថ្ងៃដដែលនៃថ្ងៃវះកាត់។ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលនៃការប្រើថ្នាំសន្លប់អាចត្រូវការរយៈពេលខ្លះដើម្បីអស់ប្រសិទ្ធភាព ដូច្នេះអ្នកនឹងត្រូវបានណែនាំឲ្យមានអ្នកជូនទៅពេទ្យ ដែលនឹងនាំអ្នកទៅផ្ទះបន្ទាប់ពីការចងដៃស្បូន ហើយសំខាន់ជាងនេះទៅទៀតគឺត្រូវទុករយៈពេលសម្រាកអោយខ្លួនឯងជាសះស្បើយ។
– អ្នកអាចនឹងមានអារម្មណ៍ឈឺចាប់នៅកន្លែងវះកាត់។ នេះគឺជារឿងធម្មតា ហើយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនឹងផ្តល់ឲ្យអ្នកនូវថ្នាំបំបាត់ការឈឺចាប់ដើម្បីជួយកាត់បន្ថយការឈឺចាប់នេះ។ ស្ត្រីមួយចំនួនបានរាយការណ៍ថាបានជួបប្រទះការហើមពោះ ហៀរសំបោរ វិលមុខ រមួលក្រពើ និងឈឺស្មាក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីការចងដៃស្បូន។ ការឈឺស្មាជាធម្មតាបណ្តាលមកពីឧស្ម័នដែលត្រូវបានបាញ់ចូលទៅក្នុងពោះដើម្បីបំប៉ោងក្នុងអំឡុងពេលធ្វើការវះកាត់។ ការដេកសម្រាកមួយរយៈនឹងអាចសម្រួលការឈឺចាប់បាន។
– ក្នុងករណីកម្រ អ្នកអាចនឹងមានការឆ្លងមេរោគនៅកន្លែងវះកាត់។ ប្រសិនបើអ្នកមានសីតុណ្ហភាពលើសពី ៣៨°C (១០០.៤°F) មានការដួលសន្លប់ ការឈឺចាប់ និង/ឬហូរឈាម ឬមានការហូរចេញសារធាតុរាវពីកន្លែងវះកាត់ដែលអាចនឹងបន្តហូរ ឬហូរកាន់តែច្រើន ១២ ម៉ោងបន្ទាប់ពីការវះកាត់ អ្នកគួរតែទាក់ទងអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក (7)។
តើអ្នកត្រូវការយៈពេលប៉ុន្មានក្នុងការជាសះស្បើយបន្ទាប់ពីការចងដៃស្បូន?
ជាទូទៅ ពេលវេលាដែលអ្នកត្រូវសម្រាកដើម្បីឲ្យជាសះស្បើយវិញនឹងអាស្រ័យលើសុខភាពរបស់អ្នក និងថាតើរាងកាយរបស់អ្នកត្រូវការពេលវេលាប៉ុន្មានដើម្បីប្រសើរឡើងវិញពីការវះកាត់។ ដោយផ្អែកលើបច្ចេកទេសងដៃស្បូនដែលអ្នកមាន វាអាចចំណាយរយៈពេលពី ២ ទៅ ២១ ថ្ងៃដើម្បីជាសះស្បើយពីការវះកាត់។ ការចងដៃស្បូននៅពេលកំពុងវះកាត់សម្រាលមិនពន្យារពេលក្នុងការជាសះស្បើយនោះទេ ហើយអ្នកនឹងប្រសើរឡើងវិញនៅរយៈពេលដូចអ្នកចងដៃស្បូនធម្មតា។ ជាធម្មតា អ្នកត្រូវបានណែនាំអោយជៀសវាងការលើករបស់របរលើសពី ១២ ផោន (៦ គីឡូក្រាម) យ៉ាងហោចណាស់មួយសប្តាហ៍បន្ទាប់ពីការវះកាត់។ ប្រសិនបើអ្នកមានចេស វាអាចនឹងរលាយដោយខ្លួនឯង ឬអ្នកអាចធ្វើការណាត់ជួបដើម្បីកាត់ចេសចេញ។
តើរយៈពេលប៉ុន្មានបន្ទាប់ពីការចងដៃស្បូនដែលខ្ញុំអាចរួមភេទបាន?
ខណៈពេលដែលការចងដៃស្បូនមានប្រសិទ្ធភាពផ្តល់ការការពារពីការមានផ្ទៃពោះភ្លាមៗ ចូរនិយាយជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកថាតើពេលណាដែលអ្នកអាចបន្តការរួមភេទតាមទ្វារមាសបាន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនអាចរួមភេទបានក្នុងរយៈពេលពីរទៅបីសប្តាហ៍បន្ទាប់ពីការចងដៃស្បូន។