ខណៈពេលដែលអ្នកប្រើប្រាស់ IUD គ្មានអរម៉ូនមួយចំនួនបានរាយការណ៍ថាមានផលរំខានបន្ទាប់ពីការដាក់បញ្ចូល IUD ស្ពាន់ ផលរំខានភាគច្រើននឹងបាត់ទៅវិញភ្លាមៗនៅពេលដែលរាងកាយរបស់អ្នកចាប់ផ្តើមសម្របនឹងវា ដែលជាធម្មតាត្រូវចំណាយពេលពី ៣ ទៅ ៦ ខែ [9] ។
ផលរំខានដែលឧស្សាហ៍កើតមានឡើងនៃ IUD គ្មានអរម៉ូន
– ធ្លាក់ឈាមបន្តាកប្រឡាក់ខោក្នុង នៅចន្លោះពេលមករដូវ (ជាពិសេសនៅប៉ុន្មានខែដំបូងបន្ទាប់ពីអ្នកដាក់ IUD
– អ្នកអាចមករដូវច្រើនជាងមុន ហើយអាចមានការរមួលចុក (សម្រាប់មនុស្សមួយចំនួន អាការៈទាំងនេះអាចបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានខែក្រោយ ប៉ុន្តែប្រសិនបើនៅតែមានអាការៈនេះអស់រយៈពេលជាច្រើនខែបន្ទាប់ពីនោះទៀត ពួកយើងណែនាំឲ្យអ្នកពិគ្រោះជាមួយជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នក)
– ចុកក្នុង
– ស្រ្តីខ្លះអាចមានជម្ងឺស្លេកស្លាំងប្រសិនបើស្រ្តីនោះមានកម្រិតឈាមក្រហមទាបស្រាប់ តាំងពីមុនការដាក់បញ្ចូលកងឯណោះ។
ផលរំខាន់ដែលកម្រកើតមាននៃការដាក់ IUD ស្ពាន់
– ប្រសិនបើស្រ្តីម្នាក់មានជម្ងឺប្រមេះទឹកបាយ ឬ ប្រមេះទឹកថ្លានៅពេលដែលមានការដាក់បញ្ចូល IUD នោះ ជម្ងឺរលាកសរីរាង្គអាងត្រគៀកអាចនឹងវិវត្តន៍ឡើងក្នុងស្រ្តីនោះ (PID)។ ផ្អែកលើភាពធ្ងន់ធ្ងរនៃការឆ្លងមេរោគ PID អាចត្រូវបានព្យាបាលដោយការប្រើប្រាស់ថ្នាំប្រឆាំងនឹងបាក់តេរី ហើយគេអាចនឹងដកកងចេញឬ ទុកកងឲ្យអ្នកដដែល។
IUD ទម្លោះធ្លុះជញ្ជាំងស្បូន។ ករណីនេះអាចធ្វើរោគវិនិច្ឆ័យបានតែនៅក្នុងកន្លែងផ្តល់សេវាថែទាំសុខភាពប៉ុណ្ណោះ (ផ្អែកលើរោគសញ្ញាជាក់លាក់)។ ក្នុងករណីបែបនេះ IUD ត្រូវបានដកចេញដោយអ្នកផ្តល់សេវាថែទាំសុខភាពដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ។
IUD របូតចេញ។ ប្រសិនបើអ្នកសង្ស័យថា IUD របស់អ្នកត្រៀមនឹងរបូតចេញ ឬរបូតរួចហើយ អ្នកគួរតែពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការណែនាំ និងការថែទាំបានត្រឹមត្រូវ។ ក្នុងករណីកម្រដែលគេដាក់បញ្ចូល IUD នៅពេលដែលអ្នកកំពុងតែមានផ្ទៃពោះនោះ លទ្ធផលដែលអាចកើតមានឡើងនោះគឺអាចមានការឆ្លងមេរោគ ការរលូតកូន ឬ ការកើយកូនមិនគ្រប់ខែ។ [10]
ប្រសិនបើក្រោយរយៈពេលបីខែ អ្នកមានអារម្មណ៍ថា ផលរំខានលើសពីអ្វីដែលអ្នកអាចទទួលយកបាន អ្នកអាចដកវាចេញ ហើយប្តូរទៅវិធីពន្យារកំណើតផ្សេងទៀត។ សូមចងចាំថា កង IUD ពន្យារកំណើតអរម៉ូនមិនការពារប្រឆាំងនឹងការឆ្លងមេរោគកាមរោគ (STIs) ទេ។
ខ្ញុំមាន IUD ស្ពាន់ និង ការរមួលចុក តើខ្ញុំត្រូវធ្វើដូចម្តេចទៅ?
វាជារឿងធម្មតាទេដែលមានការរមួលចុក អំឡុងពេលដាក់បញ្ចូល និងក្នុងអំឡុងពេល ពីរទៅបីថ្ងែក្រោយបន្ទាប់ពីការដាក់បញ្ចូល។ ការរមួលចុកនេះអាចត្រូវបានគ្រប់គ្រងដោយថ្នាំបំបាត់ការឈឺចាប់ដូចជា ibuprofen ។ ជាមួយនឹង IUD ស្ពាន់នេះផងដែរ គេបានរំពឹងទុកថាអ្នកនឹងអាចមានការមករដូវច្រើននាំមកនូវជាមួយនឹងការរមួលចុក ក្នុងរយៈពេល ៣ ទៅ ៦ ខែបន្ទាប់ពីនេះ។ ប្រសិនបើការរមួលចុកមិនធូរស្រាលក្នុងរយៈពេល ៦ ខែ អ្នកគួរតែទៅជួបពិគ្រោះពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកដើម្បីពិភាក្សាអំពីជម្រើសផ្សេងទៀតរបស់អ្នក។
តើខ្ញុំអាចបញ្ឈប់ការធ្លាក់ឈាម និង ការបន្តាកឈាមប្រឡាក់ខោក្នុង បន្ទាប់ពីការដាក់ IUD ស្ពាន់តាមរបៀបណា?
ការធ្លាក់ឈាម ឬការបន្តាកឈាមប្រឡាក់ខោក្នុង បន្ទាប់ពីការដាក់បញ្ចូល IUD ស្ពាន់មិនមែនជាសញ្ញានៃជម្ងឺនោះទេ។ ទោះបីជាការធ្លាក់ឈាមរបស់អ្នកហាក់ដូចជាច្រើនជាងធម្មតាក៏ដោយ វាមិនមែនតែងតែមានន័យថាអ្នកកំពុងបាត់បង់ឈាមច្រើននោះទេ។ ក្នុងករណីដែលអ្នកសង្ស័យថាអ្នកបាត់បង់ឈាមច្រើនពេក ច្រើនខែបន្ទាប់ពីការដាក់បញ្ចូលកង សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកឲ្យកាន់តែឆាប់កាន់តែល្អ។ គេអាចនឹងស្នើសុំឲ្យធ្វើតេស្តមើលកម្រិតអេម៉ូក្លូប៊ីន (Hemoglobin) ហើយប្រសិនបើកម្រិតឈាមក្រហមរបស់អ្នកមានកម្រិតទាប ឬមានភាពស្លេកស្លាំង នោះអ្នកនឹងត្រូវប្រើប្រាស់ថ្នាំគ្រាប់ជំនួយគ្រាប់ឈាមចាំបាច់។
តើខ្សែ IUD ស្ពាន់របស់ខ្ញុំអាចធ្វើឲ្យដៃគូរបស់ខ្ញុំមានការឈឺចាប់នៅពេលរួមភេទដែរឬទេ?
ខណៈពេលដែលដៃគូមួយចំនួនបានអះអាងថាមានអារម្មណ៍ដឹងថាប៉ះខ្សែ IUD អំឡុងពេលរួមភេទតាមទ្វារមាស ករណីភាគច្រើនគឺដៃគូអ្នកនឹងមិនមានអារម្មណ៍អ្វីនោះទេ។ ក្នុងករណីណាក៏ដោយ ខ្សែ IUD ជាធម្មតាវានឹងទន់បន្តិចម្តងៗពេលយូរៗទៅ រហូតដល់ចំណុចមួយដែលដៃគូរបស់អ្នកនឹងមិនមានអារម្មណ៍ថាខ្សែនៅទីនៅសោះតែម្តង។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើដៃគូរបស់អ្នកមានអារម្មណ៍រំខានដោយខ្សែនោះ អ្នកអាចទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីអោយពួកគេកាត់ខ្សែនោះឲ្យកាន់តែខ្លីបន្ថែមទៀត។ អ្នកនឹងត្រូវបានគេណែនាំប្រាប់ថាការកាត់ខ្សែIUDកាន់តែខ្លី នាំឲ្យវាកាន់តែពិបាកក្នុងការដកIUD ចេញហើយក្រោយមកប្រសិនបើអ្នកចង់ដកវា អ្នកអាចនឹងត្រូវរកអ្នកផ្តល់សេវាថែទាំសុខភាពដែលមានការបណ្តុះបណ្តាលមុខជំនាញខ្ពស់ដើម្បីដកវាចេញបាន។
តើ IUD គ្មានអរម៉ូនអាចបង្កឲ្យមានការឡើងទម្ងន់ដែរឬទេ?
អត់ទេ។ IUD គ្មានអរម៉ូននឹងមិនបង្កឲ្យអ្នកស្រកគីឡូ ឬ ឡើងគីឡូនោះទេ។ នេះគឺដោយសារវាមិនមានផ្ទុកអរម៉ូនដែលបង្កឲ្យមានបម្រែបម្រួលនៃទម្ងន់នោះទេ។