ខណៈពេលដែល IUD អរម៉ូន ត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពលើសបន្តិចបន្តួចបើប្រៀបធៀប IUD ដែលមិនមានអរម៉ូន ផលរំខានរបស់វាក៏ខុសគ្នាដែរ។ ជាធម្មតា អ្នកប្រើប្រាស់ IUD អរម៉ូន នឹងជួបប្រទះនូវផលរំខានដែលទាក់ទងនឹងអរម៉ូន ដូចជាការឈឺក្បាល ដែលមិនមែនជាផលរំខានកើតឡើងញឹកញាប់ចំពោះអ្នកប្រើប្រាស់ IUD ដែលមិនមានអរម៉ូននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីនឹងសម្របខ្លួនទៅនឹងការមាន IUD អរម៉ូនក្នុងរយៈពេល ៦ ទៅ ៨ ខែ [8] ។
តើប្រភេទ IUD មួយណាដែលមានផលរំខានច្រើនជាង?
ផលរំខាននៃ IUD ពន្យារកំណើតតាមអរម៉ូនប្រែប្រួលពីស្ត្រីទៅស្ត្រី។ ខណៈពេលដែលម៉ាក IUD មួយចំនួនមានកំហាប់នៃអរម៉ូនសំយោគទាបជាងម៉ាកផ្សេងទៀត ការជ្រើសរើសម៉ាកល្អបំផុតសម្រាប់អ្នកនឹងត្រូវបានកំណត់ដោយកត្តាជាច្រើន។ ទាំងនេះរួមបញ្ចូលទាំង ប្រសិទ្ធភាពមានរយៈពេលប៉ុន្មានឆ្នាំ ទំហំនៃមាត់ស្បូន ឬថាតើអ្នកធ្លាប់មានកូន ឬអត់ ថាតើអ្នកចង់បន្តមករដូវអំឡុងពេលប្រើប្រាស់ និងប្រតិកម្មរាងកាយរបស់អ្នកចំពោះអរម៉ូនសំយោគ រួមជាមួយកត្តាផ្សេងៗទៀត។ ទស្សនាវដ្ដីសុខភាពស្ត្រី Women’s Health Magazine ផ្តល់នូវការព័ត៌មានលម្អិយអំពីអ្វីដែលអ្នកត្រូវដឹងពីម៉ាកផ្សេងៗនៃប្រភេទ IUDs អ័រម៉ូន។
ផលរំខានដែលឧស្សាហ៍កើតមានឡើងនៃ IUD អរម៉ូន
១. រមួលចុក និងឈឺខ្នងរយៈពេលពីរបីថ្ងៃបន្ទាប់ពីការបញ្ចូល។
២. ធ្លាក់ឈាមបន្តាកលើខោក្នុង ឬធ្លាក់ឈាមភ្លាមៗបន្ទាប់ពីការបញ្ចូល។
៣. មករដូវមិនទៀងទាត់។ អ្នកអាចនឹងការមករដូវស្រាលជាងមុន មករដូវតែពីរ បី ថ្ងៃ ឬមិនមានការធ្លាក់ឈាមប្រចាំខែទាល់តែសោះក្នុងរយៈពេលមួយទៅពីរឆ្នាំដំបូងបន្ទាប់ពីដាក់បញ្ចូល IUD អរម៉ូន។ អវត្ដមាននៃការធ្លាក់ឈាមមិនគួរយល់ច្រឡំថាជាការមានផ្ទៃពោះទេ។ អរម៉ូន IUDs ត្រូវបានគេរាយការណ៍ថាអាចកាត់បន្ថយការធ្លាក់ឈាមពេលមករដូវខ្លាំង និងការរមួលចុក និងព្យាបាលជម្ងឺស្លេកស្លាំង។
៤. ឈឺក្បាល។
៥. កើតមុន។
៦. សុដន់ឈឺនៅពេលប៉ះ ស្រគៀរ និង ឈឺចាប់។
៧. អារម្មណ៍ផ្លាស់ប្តូរឡើងចុះ។
ផលរំខានដែលកម្រកើតមានឡើងនៃ IUD អរម៉ូន៖
ការឆ្លងមេរោគ (ឈឺអាងត្រគាក ធ្លាក់ស និងគ្រុនក្តៅ)។ ជារឿយៗ គ្រូពេទ្យនឹងពិនិត្យរកជំងឺរលាកសរីរាង្គអាងត្រគៀក ឬ Pelvic Inflammatory Disorder (PID)។ ជំងឺរលាកសរីរាង្គអាងត្រគៀក ត្រូវបានរាយការណ៍នៅក្នុងករណីដ៏កម្រដែលស្ត្រីមានជម្ងឺប្រមេះទឹកថ្លា ឬជំងឺប្រមេះទឹកបាយនៅពេលដាក់ IUD ។ ដោយផ្អែកលើភាពធ្ងន់ធ្ងរនៃការឆ្លងមេរោគ ជម្ងឺរលាកសរីរាង្គអាងត្រគៀក អាចត្រូវបានព្យាបាលដោយថ្នាំប្រឆាំងបាក់តេរី ដែលអាចនឹងមានឬគ្មានការដក IUD ចេញ។
IUD ទម្លោះធ្លុះជញ្ជាំងស្បូន។ ករណីនេះអាចធ្វើរោគវិនិច្ឆ័យបានតែនៅក្នុងកន្លែងផ្តល់សេវាថែទាំសុខភាពប៉ុណ្ណោះ (ផ្អែកលើរោគសញ្ញាជាក់លាក់)។ ក្នុងករណីបែបនេះ IUD ត្រូវបានដកចេញដោយអ្នកផ្តល់សេវាថែទាំសុខភាពដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ។
IUD របូតចេញ។ ប្រសិនបើអ្នកសង្ស័យថា IUD របស់អ្នកត្រៀមនឹងរបូតចេញ ឬរបូតរួចហើយ អ្នកគួរតែពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការណែនាំ និងការថែទាំបានត្រឹមត្រូវ។
ប្រសិនបើក្រោយរយៈពេលបីខែ អ្នកមានអារម្មណ៍ថា ផលរំខានលើសពីអ្វីដែលអ្នកអាចទទួលយកបាន អ្នកអាចដកវាចេញ ហើយប្តូរទៅវិធីពន្យារកំណើតផ្សេងទៀត។ សូមចងចាំថា កង IUD ពន្យារកំណើតអរម៉ូនមិនការពារប្រឆាំងនឹងការឆ្លងមេរោគកាមរោគ (STIs) ទេ។
ចម្ងល់ដែលឧស្សាហ៍មានទាក់ទងទៅនឹង IUD អរម៉ូន
តើអ្នកអាចដាក់ IUD អរម៉ូនបានទេ ប្រសិនបើអ្នកមានជំងឺកាមរោគ?
ទេ គេមិនណែនាំឲ្យដាក់ IUD ទេ ប្រសិនបើអ្នកមានជំងឺកាមរោគប្រភេទណាមួយ។ នេះដោយសារវាអាចបង្កជាជំងឺរលាកសរីរាង្គអាងត្រគាក។ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកជាដំបូងគួរតែផ្តល់ការព្យាបាល និងធានាថាអ្នកគ្មានជម្ងឺកាមរោគមុននឹងដាក់បញ្ចូល IUD ។
តើខ្ញុំអាចប្រើប្រាស់ IUD អរម៉ូនបានទេប្រសិនបើខ្ញុំកំពុងតែបំបៅដោះកូន?
បាទ/ចាស យោងតាមអង្គការ Planned Parenthood IUD គឺជាវិធីសាស្ត្រសុវត្ថិភាពបំផុតមួយសម្រាប់អ្នកដែលកំពុងបំបៅកូន។ វាអាចត្រូវបានបញ្ចូលភ្លាមៗបន្ទាប់ពីសម្រាលកូនហើយវានឹងមិនបង្កគ្រោះថ្នាក់ដល់អ្នកឬកូនរបស់អ្នកនោះទេ។
ខ្ញុំមានការរមួលចុកខ្លាំងដោយសារតែការដាក់ IUD អរម៉ូន។ តើខ្ញុំត្រូវធ្វើអ្វីទៅ?
អ្នកអាចទ្រាំដាក់ពីរបីខែ ហើយលេបថ្នាំបំបាត់ការឈឺចាប់ដូចជា ibuprofen ពីរបីថ្ងៃដំបូងនៃការមករដូវរបស់អ្នក។ ប្រសិនបើអ្នកចូលចិត្តភាពងាយស្រួលក្នុងការប្រើវិធីពន្យារកំណើតរយៈពេលវែង ប៉ុន្តែអ្នកមិនអាចទ្រាំទ្របានជាមួយនឹងផលរំខាននៃ IUD អរម៉ូនមិនមានភាពប្រសើរឡើងតាមពេលវេលាទេ សូមពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអំពីការប្តូរទៅវិធីពន្យារកំណើតមួយផ្សេងទៀត ដែលអ្នកអាចទ្រាំទ្របាន។
IUD អរម៉ូនរបស់ខ្ញុំបានរបូតចេញ តើវាអាចកើតឡើងម្តងទៀតដែរឬទេ?
ការរបូត IUD អាចកើតឡើងក្នុងស្រីមួយភាគរយតូច នៅឆ្នាំដំបូងបន្ទាប់ពីការដាក់ចូល។ ការរបូតកង IUD មានភាគរយកើតមានឡើងច្រើនជាងសម្រាប់ ស្ត្រីដែល៖
ថាតើអ្នកធ្លាប់មានផ្ទៃពោះដែរឬទេ?
មានអាយុក្មេងជាង ២០ ឆ្នាំ
មានប្រវត្តិធ្លាប់មានការមករដូវដែលធ្លាក់ឈាមរដូវច្រើនខ្លាំង ឬ ឈឺចុកចាប់ខ្លាំង
ដាក់បញ្ចូល IUD ភ្លាមៗ បន្ទាប់ពីការសម្រាលកូន ឬ បានរំលូតកូននៅត្រីមាសទី ២
ការរបូតចេញពាក់កណ្តាលអាចមានន័យថា IUD មិនស្ថិតនៅក្នុងទីតាំងត្រឹមត្រូវរបស់វាទេ៖ វាអាចមានទីតាំងទាបពេកនៅក្នុងស្បូន ហើយក៏របូតចេញ។ ការរបូតនេះអាចកើតឡើងនៅអំឡុងពេលនៃការដាក់បញ្ចូល ឬអាចទាក់ទងនឹងលក្ខណៈនៃស្បូន ដូចជាទំហំ មុំ ឬវត្តមាននៃដុំសាច់មិនប្រក្រតីដូចជាដុំសាច់ដែលអាចបណ្តាលឲ្យស្បូនមានរូបរាងខុសពីធម្មតា។ ឱកាសនៃការរបូត IUD លើកទី ២ អាចកើនឡើងនៅក្នុងស្រ្តីដែលធ្លាប់របូត IUD ពីមុន [2] ។
ប្រសិនបើអ្នកចូលចិត្តភាពងាយស្រួលក្នុងការប្រើវិធីពន្យារកំណើតរយៈពេលវែង ហើយមិនសូវរញេររញ៉ៃច្រើន ដូចជា IUD ពន្យារកំណើតអរម៉ូន ប៉ុន្តែអកមានបញ្ហាជាមួយនឹងនឹងការរបូត IUD អ្នកអាចប្តូរទៅវិធីពន្យារកំណើតរយៈពេលវែងមួយទៀតដូចជាកងដាក់ក្រោមស្បែក។
តើ IUD អរម៉ូនអាចទើសដល់ដៃគូខ្ញុំពេលរួមភេទដែរឬទេ?
ដៃគូខ្លះមានអារម្មណ៍ថាប៉ះខ្សែ IUD អំឡុងពេលរួមភេទតាមទ្វារមាស។ វាកើតឡើងនៅពេលដែលខ្សែត្រូវបានកាត់ខ្លីពេក។ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្សែ IUD កំពុងមានផលរំខានដល់ជីវិតផ្លូវភេទរបស់អ្នក អ្នកគួរតែទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីពិគ្រោះយោបល់បន្ថែម។ អ្នកផ្តល់សេវាថែទាំសុខភាពអាចផ្តល់ជម្រើសឲ្យអ្នកក្នុងការកាត់ខ្សែឲ្យកាន់តែខ្លី ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្នថា ការដែលមានខ្សែ IUD ខ្លីពេកអាចធ្វើឲ្យមានការពិបាកក្នុងការដក IUD ចេញនៅពេលក្រោយ (អ្នកនឹងត្រូវការអ្នកផ្តល់សេវាថែទាំសុខភាពដែលទទួលបានការបណ្តុះបណ្តាលពិសេសដើម្បីយកវាចេញ)។ ជម្រើសមួយទៀតគឹការសុំដៃគូរបស់អ្នកអត់ធ្មត់បន្តិច ព្រោះខ្សែនឹងតិចទៀតទៅនឹងក្លាយជាទន់ដល់លែងមានអារម្មណ៍ថាប៉ះវាតែម្តង។