LAM នឹងត្រូវបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីសម្រាលកូន។ ចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេលមួយម៉ោងក្រោយពេលសម្រាលកូន ឬបានកាន់តែឆាប់កាន់តែល្អ។ សារធាតុរាវពណ៌លឿង (colostrum) ផលិតដោយសុដន់របស់ម្តាយក្នុងរយៈពេលពីរបីថ្ងៃដំបូងបន្ទាប់ពីកំណើតមានសារធាតុដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសុខភាពទារក។
វិធីសាស្ត្រនេះគួរតែបន្តមានក្នុងរយៈពេលប្រាំមួយខែដំបូងបន្ទាប់ពីការសម្រាល ដរាបណាអ្នកអាចបំបៅកូនដោយទឹកដោះម្តាយបានពេញលេញ ឬស្ទើរតែពេញលេញ ហើយការមករដូវរបស់អ្នកមិនទាន់ត្រលប់មកវិញទេ។
តើវិធីសាស្រ្ត LAM តម្រូវឲ្យមានការបំបៅដោះកូនកម្រិតណា?
ដើម្បីមើលថែទារកបានល្អបំផុត ទារកនឹងត្រូវការបំបៅដោះតាមតម្រូវការយ៉ាងហោចណាស់ ១០-១២ ដងក្នុងមួយថ្ងៃក្នុងរយៈពេលពីរបីសប្តាហ៍ដំបូងបន្ទាប់ពីកើតចេញពីផ្ទៃម្តាយ ហើយបន្ទាប់ពីនោះទៀត យ៉ាងហោចណាស់ត្រូវផ្តល់អាហារដល់ទារក ៨-១០ ដងក្នុងមួយថ្ងៃ រួមទាំងការបំបៅដោះយ៉ាងតិចណាស់ម្តងនៅពេលយប់ក្នុងអំឡុងពេលពីរបីខែដំបូង។
ការបំបៅដោះនៅពេលថ្ងៃមិនគួរមានគម្លាតលើសពីបួនម៉ោងទេ ហើយការបំបៅពេលយប់មិនគួរមានរយៈពេលឃ្លាតគ្នាលើសពីប្រាំមួយម៉ោងនោះទេ។
តើវិធីសាស្រ្ត LAM មានប្រសិទ្ធភាពដែរឬទេ ប្រសិនបើខ្ញុំប្រើម៉ាស៊ីនបូមទឹកដោះ?
ទេ ប្រសិនបើអ្នកចង់ប្រើ LAM ជាវិធីសាស្រ្តពន្យារកំណើត វាមានប្រសិទ្ធភាព លុះត្រាតែអ្នកបំបៅដោះកូនរបស់អ្នក។ ប្រសិនបើអ្នកកំពុងបំបៅកូនដោយទឹកដោះម្តាយ និងប្រើប្រាស់ទឹកដោះគោផងដែរនោះ LAM ប្រហែលជាមិនមែនជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកនោះទេ។
តើខ្ញុំត្រូវធ្វើអ្វីបន្ទាប់ពីការប្រើវិធីសាស្រ្ត LAM រយៈពេលប្រាំមួយខែ?
នៅអាយុប្រាំមួយខែ ទារកភាគច្រើនមិនអាចត្រូវបានទ្រទ្រង់បានដោយសារធាតុចិញ្ចឹមដែលទទួលបានពីទឹកដោះម្តាយតែមួយមុខគត់នោះទេ។ វាត្រូវបានណែនាំឲ្យអ្នកចាប់ផ្តើមឲ្យទារករបស់អ្នកទទួលយកអាហារផ្សេងទៀតក្រៅពីទឹកដោះម្តាយដែរ (ការផ្តាច់ដោះ)។
ការណែនាំទារករបស់អ្នកឲ្យទទួលយកអាហារផ្សេងទៀតមានន័យថាអ្នកមិនអាចបន្តពឹងផ្អែកលើ វិធីសាស្រ្តLAM ដើម្បីការពារការមានផ្ទៃពោះបានទៀតទេ។ អ្នកគួរតែធ្វើការណាត់ជួបជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីពិភាក្សាអំពីជម្រើសពន្យារកំណើតដែលសមស្របបំផុតសម្រាប់អ្នក។
តើខ្ញុំនឹងមករដូវវិញពេលណាបន្ទាប់ពីការប្រើប្រាស់ LAM ជាវិធីសាស្រ្តពន្យារកំណើត?
ការអាចមានកូនឡើងវិញបន្ទាប់ពីការបញ្ឈប់ LAM អាស្រ័យលើរយៈពេលដែលស្ត្រីបន្តបំបៅដោះកូន។ ការផ្តាច់ដោះជាធម្មតាជាដំណើរការដែលធ្វើឡើងជាសន្សឹមៗ ហើយនេះមានន័យថាទារកខ្លះនឹងពឹងផ្អែកលើទឹកដោះម្តាយយូរជាងទារកផ្សេងទៀត។ ប៉ុន្តែនៅពេលដែលស្រ្តីលែងសូវបំបៅដោះកូនបានញឹកញាប់ដូចមុន ឬមានការថយចុះ ការបញ្ចេញអូវ៊ុលទំនងជានឹងកើតឡើង។
តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើខ្ញុំមិនអាចបំបៅដោះកូន ឬ ខ្ញុំមករដូវនៅពេលប្រើប្រាស់ LAM ជាវិធីសាស្រ្តពន្យាកំណើត?
ប្រសិនបើនៅចំណុចណាមួយដែលអ្នកមិនអាចបំបៅដោះកូនបានទៀងទាត់ ឬរដូវរបស់អ្នកបានត្រលប់មកវិញ អ្នកគួរតែពិចារណាប្តូរទៅប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតដែលមានប្រសិទ្ធភាពជាង LAM ហើយបន្តការបំបៅដោះកូនដើម្បីជាប្រយោជន៍ដល់ទារក។
អ្នកត្រូវធ្វើការណាត់ជួបជាមួយនឹងអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីរកមើលថាតើជម្រើសរបស់អ្នកមានអ្វីខ្លះ។ អ្នកអាចនឹងត្រូវបានណែនាំឲ្យប្រើស្រោមអនាម័យ ឬប្តូរទៅជាថ្នាំគ្រាប់ប្រូចេសស្តេរ៉ូន ដែលជាជម្រើសដ៏ល្អសម្រាប់ម្តាយដែលបំបៅដោះកូន។