តើអ្វីទៅជាវិធីសាស្រ្ត LAM?
វិធីសាស្រ្តពន្យារកំណើតដោយការបំបៅដោះកូនដែលត្រូវបានគេស្គាល់ជាទូទៅថា LAM ឬ «ការបំបៅដោះកូនជាមធ្យោបាយពន្យារកំណើត» គឺជាការពន្យារកំណើតបណ្តោះអាសន្នដែលផ្តោតលើការបំបៅកូនដោយទឹកដោះម្តាយ។ វាមានដំណើរការដោយសារតែឥទ្ធិពលនៃការបំបៅដោះកូនទៅលើលទ្ធភាពនៃការមានកូនបានរបស់ស្រ្តី។ ការបំបៅដោះកូនអាចរារាំងការមានកូនបានដោយធម្មជាតិ។
ពាក្យថា «បំបៅដោះកូន» មកពីពាក្យ «ការឲ្យកូនបៅដោះ» ចំណែកឲ្យពាក្យ «អត់មករដូវ» មានន័យថាការមិនមករដូវ។
អ្នកអាចប្រើការបំបៅកូនដោយទឹកដោះម្តាយដើម្បីការពារការមានផ្ទៃពោះរហូតដល់ប្រាំមួយខែបន្ទាប់ពីការសម្រាលកូន។ វាដំណើរការបានលុះត្រាតែអ្នកមានលក្ខខណ្ឌទាំងបីខាងក្រោម៖
– ទារកដែលបៅទឹកដោះម្តាយស្ទើរតែពេញលេញ ឬ បៅទឹកដោះម្តាយពេញលេញតែម្តង ជាញឹកញាប់ទាំងថ្ងៃ និងយប់។
ការបំបៅកូនដោយទឹកដោះម្តាយពេញលេញ (ទារកពឹងផ្អែកតែលើទឹកដោះម្តាយតែមួយគត់សម្រាប់សារធាតុចិញ្ចឹមទាំងអស់) និងការបំបៅកូនដោយទឹកដោះម្តាយភាគច្រើន (ក្រៅពីការបំបៅកូនដោយទឹកដោះម្តាយ ទារកនឹងទទួលបានទឹក វីតាមីន ទឹកផ្លែឈើ ឬសារធាតុចិញ្ចឹមផ្សេងទៀតផងដែរ)។
ការបំបៅដោះកូនដោយទឹកដោះម្តាយស្ទើរតែពេញលេញ មានន័យថា ទោះបីជាទារកទទួលបានសារធាតុចិញ្ចឹមពីអាហារ និង/ឬភេសជ្ជៈក៏ដោយ យ៉ាងហោចណាស់ក៏ច្រើនជាងបីភាគបួននៃសារធាតុចិញ្ចឹមរបស់ទារកបានមកពីការបំបៅកូនដោយទឹកដោះម្តាយ។
– ទារកមានអាយុតិចជាងប្រាំមួយខែ។
– អ្នកមិនទាន់មករដូវបន្ទាប់ពីការសម្រាលកូន។
សរុបមក វិធីសាស្ត្រនេះមានប្រសិទ្ធភាព ប្រសិនបើអ្នកទើបតែសម្រាល រដូវរបស់អ្នកមិនត្រលប់មកវិញ ហើយអ្នកកំពុងបំបៅកូនដោយទឹកដោះម្តាយទាំងស្រុង (1)។
តើ LAM មានដំណើរការដូចម្តេច?
LAM មានដំណើរការជាចម្បងដោយការទប់ស្កាត់ការបញ្ចេអូវ៊ុល (ការបញ្ចេញអូវ៊ុល)។ ក្នុងករណីនេះ ការបំបៅកូនដោយទឹកដោះម្តាយយ៉ាងញឹកញាប់ នឹងបញ្ឈប់ការបញ្ចេញអរម៉ូនដែលបណ្តាលឲ្យមានការបញ្ចេញអូវ៊ុលជាបណ្តោះអាសន្ន (2) ។
តើ វិធីសាស្រ្ត LAM មានប្រសិទ្ធភាពដូចម្តេចដែរ?
ប្រសិទ្ធភាពនៃវិធីនេះក្នុងការការពារការមានផ្ទៃពោះអាស្រ័យស្ទើរតែទាំងស្រុងលើរបៀបដែលអ្នកប្រើប្រាស់វា។ ប្រសិនបើអ្នកមិនអាចបំបៅកូនដោយទឹកដោះបានពេញលេញ ឬស្ទើរតែពេញលេញទេនោះ អ្នកមានហានិភ័យខ្ពស់នៃការមានផ្ទៃពោះ។
តាមការប្រើប្រាស់តាមធម្មតា ៩៨% នៃស្ត្រីដែលប្រើវិធីសាស្ត្រ LAM អាចការពារការមានផ្ទៃពោះក្នុងរយៈពេលប្រាំមួយខែដំបូងបន្ទាប់ពីការសម្រាល។ មានន័យថាស្រ្តី ២ នាក់ ក្នុងចំណោមស្ត្រី ១០០ នាក់ដែលប្រើវិធីនេះនឹងមានផ្ទៃពោះ។
ជាមួយនឹងការប្រើប្រាស់ដ៏ល្អឥតខ្ចោះ ៩៩% នៃស្ត្រីដែលប្រើវិធីសាស្ត្រ LAM អាចបង្ការការមានផ្ទៃពោះក្នុងរយៈពេលប្រាំមួយខែដំបូងបន្ទាប់ពីការសម្រាល (3) ។
តើនៅពេលណាដែលគេណែនាំឲ្យប្រើវិធីសាស្រ្ត LAM?
– ប្រសិនបើអ្នកមិនមានគម្រោងក្នុងការប្រើវិធីសាស្រ្តផ្សេងទៀតក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីការសម្រាល ហើយអ្នកកំពុងបំបៅដោះកូនទាំងស្រុង។
– ប្រសិនបើអ្នកមិនមានថវិការក្នុងការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតផ្សេងទៀតបានទេក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីការសម្រាល។
– ប្រសិនបើអ្នកកំពុងស្វែងរកវិធីសាស្រ្តពន្យារកំណើតបណ្តោះអាសន្ន/រយៈពេលខ្លីអំឡុងពេលក្រោយសម្រាល។
– ប្រសិនបើអ្នកមិនមានលទ្ធភាពចូលទៅប្រើវិធីសាស្រ្តពន្យារកំណើតទំនើបថ្មីមួយផ្សេងទៀត។
– សម្រាប់ហេតុផលសាសនាឬវប្បធម៌។