តើអ្វីទៅជាស្រោមអនាម័យខាងក្នុង?
ស្រោមអនាម័យខាងក្នុង ត្រូវបានគេស្គាល់ថាជាស្រោមអនាម័យស្ត្រី គឺជាថង់ ឬស្រោមដែលដាក់បញ្ចូលទៅក្នុងទ្វារមាស ឬរន្ធគូថ ដើម្បីផ្តល់ការការពារប្រឆាំងនឹងការមានផ្ទៃពោះ (ក្នុងការរួមភេទតាមទ្វារមាស) និងជម្ងឺកាមរោគ (STIs)។ ពួកវាត្រូវបានផលិតចេញពីស្រទាប់ប្លាស្ទិកស្តើង និងថ្លា ហើយត្រូវបានដាក់ចូលទៅក្នុងទ្វារមាសបែបធូររលុង មិនតឹង។
ពួកវាមានកងដែលអាចបត់បែនបាននៅសងខាងចុងរបស់វា។ កងនៅត្រង់ខាងដែលបិទជិតត្រូវបានប្រើដើម្បីដាក់បញ្ចូលស្រោមអនាម័យខាងក្នុង ខណៈពេលដែលកងនៅត្រង់ខាងចំហត្រូវបានប្រើដើម្បីកាន់ទប់មួយផ្នែកខាងលើនៃស្រោមអនាម័យនៅខាងក្រៅទ្វារមាស ឬរន្ធគូថ។
ស្រោមអនាម័យស្ត្រីអាចផលិតពីវត្ថុធាតុផ្សេងៗដូចជា នីទ្រីល (nitrile) ជ័រកៅស៊ូ (latex) ឬ ប៉ូលីយូរេថេន (Polyurethane) ។
តើស្រោមអនាម័យខាងក្នុងមានដំណើរការយ៉ាងដូចម្តេច?
ពួកវាដំណើរការដូចគ្នាទៅនឹងស្រោមអនាម័យខាងក្រៅដែរ លើកលែងតែគេពាក់វានៅខាងក្នុងទ្វារមាស ឬរន្ធគូថ មិនមែននៅលើលិង្គទេ។ ស្រោមអនាម័យខាងក្នុងរក្សាមេជីវិតឈ្មោលនៅខាងក្នុងស្រោមអនាម័យ និងទប់កុំឲ្យវាចូលទ្វារមាស ឬរន្ធគូថ។ ពួកគេក៏ជួយការពារការឆ្លងមេរោគ ឬការពារសារធាតុរាវនៃប្រដាប់ភេទ នៅលើលិង្គ ទ្វារមាស ឬរន្ធគូថ កុំឲ្យប៉ះទៅលើដៃគូ (1)។
ប្រសិទ្ធភាពនៃស្រោមអនាម័យខាងក្នុង
ប្រសិទ្ធភាពនៃស្រោមអនាម័យខាងក្នុងគឺអាស្រ័យលើរបៀបដែលអ្នកប្រើប្រាស់វា។ ហានិភ័យនៃការមានផ្ទៃពោះ ឬការឆ្លងជម្ងឺកាមរោគកើនឡើង នៅពេលដែលអ្នកមិនប្រើស្រោមអនាម័យ គ្រប់ពេលដែលរួមភេទទាំងអស់។ ការមានគភ៌អាចកើតមានឡើងចំពោះអ្នកដែលប្រើស្រោមអនាម័យនេះ លុះត្រាតែ អ្នកប្រើប្រាស់មិនបានត្រឹមត្រូវ មានការបែក ឬរបូតនៅពេលរូមភេទ។
សម្រាប់ការប្រើប្រាស់ជាទូទៅ ស្ត្រី ២១ នាក់ក្នុងចំណោម ១០០ នាក់ដែលប្រើស្រោមអនាម័យខាងក្នុងជាវិធីពន្យារកំណើតចំបង មានផ្ទៃពោះក្នុងរយៈពេលមួយឆ្នាំដំបូងនៃការប្រើប្រាស់វា។ នេះមានន័យថាវាមានប្រសិទ្ធភាព ៧៩%។ ជាមួយនឹងការប្រើប្រាស់ដែលល្អឥតខ្ចោះ មានតែស្ត្រី ៥ នាក់ក្នុងចំណោម ១០០ នាក់ប៉ុណ្ណោះដែលប្រើស្រោមអនាម័យខាងក្នុង មានផ្ទៃពោះ។ នេះមានន័យថាការប្រើប្រាស់ល្អឥតខ្ចោះមានប្រសិទ្ធភាព ៩៥%។ ស្រោមអនាម័យខាងក្នុងក៏អាចកាត់បន្ថយហានិភ័យនៃការឆ្លងជម្ងឺកាមរោគ ដូចជាមេរោគអេដស៍ (2)។