ការប្រើថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់អាចត្រូវបានអមដោយផលប៉ះពាល់ទូទៅមួយចំនួន ប៉ុន្តែសម្រាប់ស្ត្រីជាច្រើន ពួកវាមិនមែនជាបញ្ហាទេ ហើយវាទំនងនឹងបាត់ទៅវិញបន្ទាប់ពីរយៈពេល ២៤ ម៉ោង [8] ។
វាមានរួមបញ្ចូលដូចជា៖
– បម្លាស់ប្តូររបត់នៃការមករដូវ (ការមករដូវប្រចាំខែអាចចាប់ផ្តើមលឿន ឬ យឺតជាងអ្វីដែលបានរំពឹងទុក ឬ ការធ្លាក់ឈាមមិនប្រក្រតីមួយ ទៅពីរថ្ងៃក្រោយការលេបថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់)
– សុដន់ប៉ះទៅឈឺ
– ឆ្អល់ពោះ
– ចង្អោរ និង ក្អួត (ស្រ្តីរមែងតែងតែមានផលប៉ះពាល់នេះច្រើនជាង ជាពិសេសការចង្អោរនៅពេលប្រើប្រាស់វិធីសាស្រ្ត Yuzpe បើប្រៀបធៀបទៅនឹងថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់)
– វិលមុខ
- ឈឺក្បាល និង
– អស់កម្លាំង។
មិនមានហានិភ័យសុខភាពទាក់ទងនឹងថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ទេតាមដែលគេដឹងកន្លងមក។
ត្រូវចងចាំថាថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់មិនអាចការពារអ្នកពីជម្ងឺកាមរោគបាននោះទេ។
តើមានផលប៉ះពាល់យូរអង្វែងនៃថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ដែរឬទេ?
ផលរំខានទូទៅដែលជួបប្រទះបន្ទាប់ពីប្រើថ្នាំ ECPs មិនធ្ងន់ធ្ងរ ឬយូរអង្វែងទេ។ ពួកវាស្រដៀងផលប៉ះពាល់នៃថ្នាំគ្រាប់ពន្យារកំណើតដែរ ប៉ុន្តែស្រាលជាងនោះ ហើយជារឿយៗនឹងបាត់ទៅវិញយ៉ាងឆាប់រហ័ស។ នេះក៏ប្រែប្រួលពីស្ត្រីទៅស្ត្រី ដោយស្រ្តីខ្លះសឹងតែមិនមានផលប៉ះពាល់អ្វីទាំងអស់តែម្តង។
តើរដូវនឹងត្រឡប់មកវិញនៅពេលណាបន្ទាប់ពីការលេបថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់?
ការប្រើថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ ជាធម្មតានឹងពន្យារការមករដូវរបស់អ្នករហូតដល់ប្រាំពីរថ្ងៃ។ វាជារឿងធម្មតាទេ ប្រសិនបើរដូវរបស់អ្នកមកលឿន ឬយឺតជាងការរំពឹងទុកបន្តិចបន្តួច។ វាក៏ជារឿងធម្មតាផងដែរក្នុងការមានការហូរឈាមនៅចន្លោះពេលមករដូវរបស់អ្នក (មួយឬពីរថ្ងៃបន្ទាប់ពីលេបថ្នាំ)។ ប្រសិនបើអ្នកមិនមករដូវ ៣ ទៅ ៤ សប្តាហ៍បន្ទាប់ពីប្រើថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ អ្នកគួរតែធ្វើតេស្តពិនិត្យផ្ទៃពោះឲ្យបានកាន់តែឆាប់កាន់តែល្អ។ មធ្យោបាយតែមួយគត់ដើម្បីដឹងថាតើថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់មានប្រសិទ្ធភាពឬអត់ គឺសម្គាល់ដោយការមករដូវប្រចាំខែរបស់អ្នក។