តើអ្វីទៅជាសន្ទះពាំងមាត់ស្បូន?
សន្ទះពាំងមាត់ស្បូន គឺជាពែងរាក់មួយ ដែលមានគែមទន់ និងអាចបត់បែនបាន ដែលត្រូវបានបំពាក់ទៅលើមាត់ស្បូន មុនពេលរួមភេទ។ ជាធម្មតាវាត្រូវបានស៊កចូលយ៉ាងជ្រៅទៅក្នុងទ្វារមាស។ នៅពេលអ្នកបញ្ចូល សន្ទះពាំងមាត់ស្បូនទៅក្នុងទ្វារមាសរបស់អ្នក វានឹងគ្របដណ្តប់លើមាត់ស្បូនរបស់អ្នក និងរារាំងមេជីវិតឈ្មោលកុំឲ្យចូលក្នុងស្បូនរបស់អ្នក។ មុនពេលដាក់បញ្ចូលសន្ទះទៅក្នុងទ្វារមាស អ្នកត្រូវលាបថ្នាំសម្លាប់មេជីវិតឈ្មោលទៅលើសន្ទះនេះ។
ខណៈពេលដែលសន្ទះពាំងមាត់ស្បូនដែលប្រើជាទូទៅត្រូវបានផលិតពីជ័រកៅស៊ូ សន្ទះពាំងមាត់ស្បូនខ្លះអាចធ្វើឡើងពីផ្លាស្ទិច ឬ ស៊ីលីកូនក៏អាចរកបាននៅកន្លែងខ្លះដែរ។
សន្ទះពាំងមាត់ស្បូន មានទំហំខុសៗគ្នា ហើយដើម្បីឲ្យប្រើប្រាស់វាបានត្រឹមត្រូវ អ្នកនឹងត្រូវឲ្យអ្នកផ្តល់សេវាថែទាំសុខភាពបំពាក់ឲ្យ ឬឲ្យពួកគាត់ផ្តល់ជាលំណែនាំជាក់លាក់អំពីការរកទំហំ និងការបំពាក់នៃសន្ទះពាំងមាត់ស្បូន។ ការត្រួតពិនិត្យអាងត្រគាកដើម្បីកំណត់ទំហំត្រឹមត្រូវអាចនឹងត្រូវបានគេធ្វើផងដែរ (1) ។
តើសន្ទះពាំងមាត់ស្បូនមានដំណើរការដូចម្តេច?
សន្ទះពាំងមាត់ស្បូនអាចបង្ការការមានផ្ទៃពោះដោយបង្កើតជារបាំងដែលការពារមេជីវិតឈ្មោលមិនឲ្យចូលទៅក្នុងមាត់ស្បូន។ លើសពីនេះ វាជួយផ្ទប់ដាក់ថ្នាំសម្លាប់មេជីវិតឈ្មោលទៅនឹងមាត់ស្បូន ដើម្បីទប់មេជីវិតឈ្មោលដែលចូលមកនៅជិតមាត់ស្បូនកុំឲ្យចូលក្នុងមាត់ស្បូនបាន។ ខុសពីគម្របមាត់ស្បូនដែលដាក់ជាប់នៅនឹងមាត់ស្បូនដោយការបឺតជញ្ជក់ សន្ទះពាំងមាត់ស្បូនជាធម្មតាត្រូវបានរក្សាទុកនៅនឹងទីតាំងវាដោយជញ្ជាំងទ្វារមាស (2)។
ប្រសិទ្ធភាពនៃសន្ទះពាំងមាត់ស្បូន
ប្រសិទ្ធភាពនៃសន្ទះពាំងមាត់ស្បូន អាស្រ័យលើរបៀបដែលអ្នកប្រើប្រាស់វា។ ទោះបីជាវាមានប្រសិទ្ធភាពគ្រាន់បើក៏ដោយ តែវាមានប្រសិទ្ធភាពល្អបំផុតនៅពេលប្រើក្នុងពេលរួមភេទ ជាមួយនឹងថ្នាំសម្លាប់មេជីវិតឈ្មោល។
សម្រាប់ការប្រើប្រាស់តាមធម្មតា (ការប្រើប្រាស់ជាទូទៅ) ប្រសិទ្ធភាពក្នុងការបង្ការការមានផ្ទៃពោះរបស់វាគឺ ៨៣%។ នេះមានន័យថា ១៧ នាក់ក្នុងចំណោម ១០០ នាក់ដែលប្រើគម្របមាត់ស្បូន នឹងមានផ្ទៃពោះក្នុងរយៈពេលមួយឆ្នាំដំបូងនៃការប្រើប្រាស់វា។
ជាមួយនឹងការប្រើប្រាស់ត្រឹមត្រូវ (ប្រើរួមផ្សំជាមួយនឹងថ្នាំសម្លាប់មេជីវិតឈ្មោល) វាមានប្រសិទ្ធភាព ៨៤% ក្នុងការការពារការមានគភ៌ នេះមានន័យថា ស្ត្រី ១៦ នាក់ក្នុងចំណោម ១០០ នាក់ដែលប្រើវិធីនេះនឹងមានផ្ទៃពោះក្នុងរយៈពេលមួយឆ្នាំដំបូងនៃការប្រើប្រាស់វា (3) ។