ផលប៉ះពាល់នៃបន្ទះបិតស្បែកពន្យារកំណើតវាមិនមែនសុទ្ធតែប៉ះពាល់ដល់សុខភាពនោះទេ ហើយភាគច្រើនវានឹងបាត់ទៅវិញក្រោយពេលប៉ុន្មានខែក្រោយ។ វាមានដូចជា [7]៖
– ការផ្លាស់ប្តូររបត់នៃការមករដូវ (វាអាចធ្វើឲ្យរដូវរបស់អ្នកមានបរិមាណតិចជាងមុន ហើយមករដូវថ្ងៃតិចជាង ការមករដូវច្រើនថ្ងៃ ឬ មិនទៀងទាត់ ឬ មិនមករដូវសោះតែម្តង)
– ចង្អោរ និងក្អួត
– ឈឺក្បាល
– ប៉ះសុដន់ទៅឈឺ
– មានឡើងកន្ទួលរោល ឬ រលាកត្រង់កន្លែងបិតបន្ទះនោះ
– ការឈឺពោះ
– រលាកទ្វារមាស (មានការរំខាន ការឡើងក្រហម និង រលាកទ្វារមាស)
– មានរោគសញ្ញាផ្តាសាយ/ ឬរលាកផ្លូវដង្ហើមខាងលើ និង
– សម្ពាធឈាមខ្ពស់។ បន្ទះបិតស្បែកពន្យារកំណើតអាចបង្កើនសម្ពាធឈាមរបស់អ្នកបន្តិច។ សម្រាប់ស្ត្រីភាគច្រើន ការកើនឡើងនេះគឺតិចតួច ហើយមិនប៉ះពាល់ដល់សុខភាពរបស់ពួកគេទេ។ អ្នកដែលប្រើវាត្រូវបានណែនាំឲ្យត្រួតពិនិត្យសម្ពាធឈាមរបស់ពួកគេរៀងរាល់ពីរបីខែម្តង។ ប្រសិនបើការកើនឡើងដែលបណ្តាលមកការបិតបន្ទះពន្យារកំណតឡើងខ្ពស់ពេក អ្នកគប្បីគួរតែឈប់ប្រើវា។ ជាធម្មតាសម្ពាធឈាមនឹងធ្លាក់ចុះវិញ នៅពេលដែលអ្នកឈប់ប្រើវា។
តើបន្ទះបិតស្បែកពន្យារកំណើតអាចធ្វើឲ្យអ្នកឡើងទម្ងន់ដែរឬទេ?
គ្មានការស្រាវជ្រាវណាមួយដែលបានបញ្ជាក់ថាបន្ទះបិតស្បែកពន្យារកំណើតអាចធ្វើឲ្យឡើងទម្ងន់។ ការសិក្សាមួយដែលធ្វើឡើងលើអ្នកប្រើប្រាស់បន្ទះពន្យារកំណើតក្នុងរយៈពេលប្រាំមួយខែបានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានខែនេះ អ្នកចូលរួមមិនឡើងលើសពី ១ គីឡូក្រាមទេ ហើយទម្ងន់ដែលឡើងនេះមិនអាចត្រូវបានកំណត់បានច្បាស់ថាជាលទ្ធផលនៃការប្រើប្រាស់បន្ទះបិតស្បែកពន្យារកំណើតនោះទេ។
បន្ទះបិតស្បែកពន្យារកំណើតរបស់ខ្ញុំធ្វើឲ្យស្បែកខ្ញុំរមាស់យ៉ាងខ្លាំង។ តើខ្ញុំត្រូវធ្វើដូចម្តេចទៅ?
ដើម្បីជៀសវាងការរមាស់ដែលកើតឡើងដោយសារការបិតបន្ទះពន្យារកំណើត អ្នកត្រូវប្រាកដថាអ្នកបិតវានៅលើស្បែកស្អាត និងស្ងួត ដែលមិនមានអ្វីលាបពីលើវា។ កន្លែងដែលបិតមិនគួរមានការរលាក ឬមុតស្បែកនោះឡើយ ហើយមិនមែនជាកន្លែងដែលធ្លាប់បិតពិមុននោះទេ។ ប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍រមាស់ ឬឡើងកន្ទួលបន្ទាប់ពីបិតបន្ទះរួច អ្នកគ្រាន់តែបកវាចេញ ហើយបិតសារជាថ្មីទៅលើផ្នែកណាផ្សេងនៃស្បែករបស់អ្នក។ លាងសម្អាតកន្លែងដែលមានបញ្ហាជាមួយនឹងទឹក និងសាប៊ូប្រភេទស្រាល បន្ទាប់មកកាត់បន្ថយការរលាកដោយស្អំទឹកកកលើវា ឬ/និងដោយលាបគ្រីមប្រឆាំងនឹងការរមាស់។ ប្រសិនបើអ្នកកើតកន្ទួលរមាស់ធ្ងន់ធ្ងរ និងឈឺចាប់ អ្នកអាចប្រើថ្នាំពពួក antihistamine និងថ្នាំបំបាត់ការឈឺចាប់ដោយមិនចាំបាច់ត្រូវការវេជ្ជបញ្ជា ដើម្បីបន្ថយការហើម និងការឈឺចាប់។ ប្រសិនបើរឿងនេះកើតឡើងទៀតនៅពេលបិតរនៅទីតាំងថ្មី នោះវាអាចមានន័យថាអ្នកមានប្រតិកម្មស្បែកទៅនឹងបន្ទះពន្យារកំណើត ហើយគួរតែពិភាក្សាអំពីជម្រើសពន្យារកំណើតផ្សេងទៀតជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។
តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលបន្ទះពន្យារកំណើតរបកចេញ?
ជាមួយនឹងការប្រើប្រាស់ធម្មតា បន្ទះពន្យារកំណើតគឺមានសភាពស្អិតខ្លាំង ហើយមិនគួរជ្រុះសូម្បីតែនៅក្នុងអាងទឹកក្តៅ សូណា ត្រាំទឹក ឬ ងូតទឹក ឬ នៅក្នុងអាងហែលទឹកក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវារបក សូមបិតបន្ទះថ្មីមួយទៀត ប្រសិនបើបន្ទះចាស់បានបិតតិចជាង ៤៨ ម៉ោង ហើយប្តូរវាតាមកាលវិភាគធម្មតារបស់អ្នក។ អ្នកនៅតែត្រូវបានការពារពីហានិភ័យនៃការមានផ្ទៃពោះ ប្រសិនបើអ្នកបានប្រើបន្ទះពន្យារកំណើតរបស់អ្នកឲ្យបានត្រឹមត្រូវក្នុងរយៈពេលប្រាំពីរថ្ងៃចុងក្រោយ និងប្រាំពីរថ្ងៃមុនសប្តាហ៍ដែលមិនត្រូវបិតបន្ទះពន្យារកំណ់ើតរបស់អ្នក ប្រសិនបើអ្នកស្ថិតក្នុងសប្តាហ៍ទីបី ។
ប្រសិនបើបន្ទះពន្យារកំណើតរបកលើសពី ៤៨ ម៉ោងមកហើយ ឬអ្នកមិនប្រាកដអំពីរយៈពេលដែលវាបានរបកនោះ សូមចាប់ផ្តើមបិតបន្ទះថ្មី ហើយប្តូរវាតាមកាលវិភាគធម្មតារបស់អ្នក ប្រសិនបើអ្នកនៅក្នុងសប្តាហ៍ទីមួយ ឬទីពីរ។ ប្រសិនបើអ្នកនៅសប្តាហ៍ទីបី សូមចាប់ផ្តើមវដ្តនៃការបិតបន្ទះពន្យារកំណើតម្តងទៀត (ចាប់ផ្តើមពីថ្ងៃដំបូង) ហើយមិនឲ្យមានសប្តាហ៍ដែលអត់បិតបន្ទះពន្យារកំណើតនោះតេ។ ក្នុងស្ថានភាពទាំងពីរ សូមប្រើវិធីពន្យារកំណើតបម្រុងទុកសម្រាប់រយៈពេលប្រាំពីរថ្ងៃបន្ទាប់។
ប្រសិនបើអ្នករួមភេទក្នុងអំឡុងសប្តាហ៍ដែលមិនមានការបិតបន្ទះពន្យារកំណើត ឬក្នុងសប្តាហ៍ទី មួយ ហើយបន្ទះពន្យរកំណើតបានរបកនោះ ឬប្រសិនបើអ្នករួមភេទក្នុងសប្តាហ៍ទី ពីរ ឬ បី ឬនៅពេលដែលបន្ទះបិតមិនបានត្រឹមត្រូវរយៈពេលប្រាំពីរថ្ងៃមកហើយ អ្នកចាំបាច់ត្រូវតែប្រើវិធីសាស្រ្តពន្យារកំណើតបន្ទាន់។ អ្នកក៏ប្រហែលជាត្រូវពីភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអំពីជម្រើសវិធីសាស្រ្តពន្យារកំណើតផ្សេងទៀតដែរ។
ផលរំខាន
ផលវិបាកនៃបន្ទះបិតស្បែកពន្យារកំណើតគឺស្រដៀងគ្នាទៅនឹងថ្នាំគ្រាប់ពន្យារកំណើតផ្សំដែរ។ វាមានដូចជា៖
ផលរំំខានដែលកម្រខ្លាំង
– ការគាំងបេះដូង
– ការស្ទះសរសៃឈាមខួរក្បាល
ការស្ទះសរសៃឈាមវ៉ែនដោយកំណកឈាម។ ក្នុងករណីដ៏កម្រនេះ កំណកឈាមដែលគំរាមកំហែងដល់អាយុជីវិតអាចវិវត្តន៍ឡើងនៅក្នុងសរសៃវ៉ែននៃជើង ឬសួតបាន។ ការប្រើបន្ទះបិតស្បែកពន្យារកំណើតបង្កើនឱកាសនៃការមានកំណកឈាម។ ដោយសារតែស្ត្រីដែលប្រើបន្ទះបិតស្បែកពន្យារកំណើតត្រូវបានប៉ះពាល់នឹងកម្រិតអរម៉ូនអ៊ឹស្ត្រូសែន(estrogen) ខ្ពស់ជាងបើធៀបនឹងអ្នកដែលប្រើថ្នាំគ្រាប់ ហានិភ័យនៃការកើតកំណកឈាមនៅពេលប្រើបន្ទះបិតពន្យារកំណើតគឺខ្ពស់ជាងប្រហែល ១ ក្នុងចំណោម ៥០០ ។ [8]
អ្នកចាំបាច់ត្រូវតែទៅជួបវេជ្ជបណ្ឌិតរបស់អ្នកជាបន្ទាន់ប្រសិនបើអ្នកមានអាការៈខាងក្រោម៖
– ការឈឺក្បាលខ្លាំង ឬ ឈឺក្បាលបង្កាំង
– មានអារម្មណ័ពិបាកដកដង្ហើម
– មានការហើម ហើយឈឺនៅជើង
– មានអារម្មណ៍ស្ពឹក ឬខ្សោយនៅដៃឬជើង
– ភ្លាមៗចាប់ផ្តើមមានបញ្ហាជាមួយនឹងការនិយាយ និង ការមើលឃើញ
– ក្អកចេញឈាម
– ឈឺទ្រូង ជាពិសេសពេលដែលដកដង្ហើមចូល
– ការឈឺពោះយ៉ាងខ្លាំងក្លា និង
– ការសន្លប់ ឬ ការដួលដោយគ្មានមូលហេតុ។
រោគសញ្ញាទាំងនេះអាចនឹងត្រូវបានបង្កដោយកំណកឈាម។
ប្រសិនបើក្រោយរយៈពេលបីខែ អ្នកមានអារម្មណ៍ថា ផលរំខានគឺលើសពីអ្វីដែលអ្នកអាចទទួលយកបាន អ្នកគួរប្តូរវិធីសាស្រ្តពន្យារកំណើត និងបន្តការការពារឲ្យបានជាប់លាប់។ ស្រោមអនាម័យផ្តល់នូវការការពារដ៏ល្អ ខណៈពេលដែលអ្នកស្វែងរកវិធីសាស្ត្រដែលសាកសមនឹងតម្រូវការរបស់អ្នក។ សូមចងចាំថា បន្ទះបិតស្បែកពន្យារកំណើតមិនការពារអ្នកពីជម្ងឺកាមរោគនោះទេ។