បន្ទះបិតស្បែកពន្យារកំណើតមិនអាចប្រើប្រាស់ដោយស្រ្តីដែល៖
– មានជម្ងឺថ្លើមធ្ងន់ធ្ងរ ក្រិនថ្លើម ឬ មហារីកថ្លើម
– កំពុងតែមាន ឬ ធ្លាប់មានជម្ងឺមហារីកសុដន់
– មានឈឺក្បាលបង្កាំងធ្ងន់ធ្ងរជាមួយនឹងសញ្ញាឲ្យដឹងមុន (aura) (មានការបាត់បង់គំហើញនៅភ្នែកមុននឹងមានការឈឺក្បាលបង្កាំងជាសញ្ញាឲ្យដឹងមុន)
– មានប្រវត្តិជម្ងឺស្ទះសរសៃឈាមខួរក្បាល ឬ ជម្ងឺបេះដូង
– ថ្មីៗនេះបានសម្រាលកូន (ក្នុងរយៈពេល បី ទៅ ប្រាំមួយសប្តាហ៍) អ្នកអាចប្រើបន្ទះបិតស្បែកពន្យារកំណើតបន្ទាប់ពី ប្រាំមួយខែក្រោយសម្រាល ឬ នៅពេលដែលកូនលែងបៅទឹកដោះ
– មានប្រវត្តិមានកំណកឈាម (កំណកឈាមនៅក្នុងសរសៃវ៉ែនជ្រៅ ឬ នៅសរសៃឈាមនៅសួត) ឬ ប្រសិនបើអ្នកឬ សមាជិកគ្រួសាររបស់អ្នកមានជម្ងឺវិបត្តិគ្រាប់ឈាម ដែលអាចបង្កើនហានិភ័យនៃការកើតកំណកឈាម
– អ្នកជក់បារី ឬ មានអាយុច្រើនជាង៣៥ឆ្នាំ (ប្រសិនបើអ្នកមានអាយុលើស ៣៥ ឆ្នាំ អ្នកជក់បារីនៅពេលដែលកំពុងប្រើប្រាស់បន្ទះបិតពន្យារកំណើត វានឹងបង្កើនហានិភ័យនៃការកើតឡើងនៃផលប៉ះពាល់មួយចំនួន អ្នកគប្បីគួរតែពិភាក្សាជាមួយនឹងអ្នកផ្តល់សេវាវេជ្ជសាស្រ្តរបស់អ្នក [9])
– មានទម្ងន់ធ្ងន់ជាង ១៩៨ ផោន ឬ ៩០ គីឡូក្រាម (បន្ទះបិតស្បែកពន្យារកំណើតអាចនឹងមានប្រសិទ្ធិភាពតិចជាងធម្មតាប្រសិនបើអ្នកមានទម្ងន់ធ្ងន់ជាង ៩០ គីឡូក្រាម [10])
- កំពុងមានការហូរឈាមពីទ្វារមាសដែលមិនប្រក្រតី ហើយមិនទាន់បានធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ
– មានការឡើងសម្ពាធឈាម (ជម្ងឺលើសឈាម) និង
– មានជម្ងឺទឹកនោមផ្អែមច្រើនជាង ២០ ឆ្នាំមកហើយដែលមានរួមជាមួយនឹងបញ្ហា ភ្នែក សរសៃប្រសាទ ឬ តម្រង់នោម
ប្រសិនបើអ្នកមានបញ្ហាដូចខាងលើនេះ ចូរពិគ្រោះជាមួយនឹងអ្នកផ្តល់សេវាថែទាំសុខភាពជំនាញដើម្បីរកនូវវិធីសាស្រ្តពន្យារកំណើតដែលសមស្របបំផុតសម្រាប់អ្នក។
តើបន្ទះបិតពន្យារកំណើតមានការកំណត់ទម្ងន់អ្នកប្រើប្រាស់ដែរឬទេ?
អ្នកត្រូវចំណាំថា បន្ទះបិតស្បែកពន្យារកំណើតនេះមានប្រសិទ្ធិភាពតិចជាងធម្មតាក្នុងការទប់ស្កាត់ការមានគភ៌ចំពោះស្ត្រីដែលមានទម្ងន់លើសពី ១៩៨ ផោន ឬ ៩០ គីឡូក្រាម។ ប្រសិនបើអ្នកមានទម្ងន់ ៩០ គីឡូក្រាម ឬច្រើនជាងនេះ អ្នកគួរតែពិចារណាប្រើវិធីសាស្រ្តពន្យារកំណើតមួយណាផ្សេងវិញ។