តើអ្វីទៅជាបន្ទះបិតស្បែកពន្យារកំណើត?
បន្ទះបិតស្បែកពន្យារកំណើត គឺជាវត្ថុប្លាស្ទិកតូច ស្តើង និងមានរាងជាការ៉េដែលអាចបត់បែនបាន ដែលត្រូវបានបិតទៅនឹងខ្លួនដើម្បីការពារការមានគភ៌។ វាត្រូវបានគេស្គាល់ផងដែរថាជា Ortho Evra ឬ Evra បន្ទះបិតស្បែកពន្យារកំណើតមើលទៅដូចជាបន្ទះបង់បិតដំបៅរាងការ៉េដែលមានទទឹងតិចជាង ៥ សង់ទីម៉ែត្រ។
តើបន្ទះបិតស្បែកពន្យារកំណើតមានដំណើរការដូចម្តេចក្នុងការបង្ការការមានគភ៌?
អ្នកបិទបន្ទះនេះនៅលើស្បែករបស់អ្នក ហើយវានឹងបញ្ចេញប្រូជេស្ទីនសំយោគ (synthetic progestin) និងអរម៉ូនអ៊ឹស្ត្រូសែន (estrogen) ចូលទៅក្នុងចរន្តឈាមតាមរយៈស្បែក។ អរម៉ូនទាំងនេះគឺស្រដៀងទៅនឹងអរម៉ូនប្រូហ្សេស្តេរ៉ូន (progesterone) និងអរម៉ូនអ៊ឹស្ត្រូសែន (estrogen) ដែលត្រូវបានរកឃើញដោយធម្មជាតិនៅក្នុងរាងកាយរបស់ស្ត្រី។ អរម៉ូនទាំងពីរនេះរារាំងអូវែរបស់អ្នកមិនឲ្យបញ្ចេញពង (អូវ៊ុល)។ ពួកគេក៏ធ្វើឲ្យទឹករំអិលមាត់ស្បូនក្រាស់ផងដែរ ដើម្បីរារាំងមេជីវិតឈ្មោលមិនឲ្យចូលទៅដល់អូវ៊ុល។
តើបន្ទះបិតស្បែកពន្យារកំណើតមានប្រសិទ្ធិភាពដូចម្តេចខ្លះ?
សម្រាប់ស្ត្រីធម្មតា ការប្រើបន្ទះគឺមានប្រសិទ្ធិភាព ៩៣% (ស្ត្រី ៧ នាក់ក្នុងចំនោម ១០០ នាក់ដែលប្រើបន្ទះពន្យារកំណើតក្នុងរយៈពេលមួយឆ្នាំនឹងមានផ្ទៃពោះ) ។ នៅពេលដែលអ្នកប្រើប្រាស់បានត្រឹមត្រូវ បន្ទះបិតនេះអាចមានប្រសិទ្ធភាពរហូតដល់ ៩៩% ក្នុងការការពារការមានគភ៌។
[1]
តើបន្ទះបិតស្បែកពន្យារកំំណើតមានរូបរាងដូចម្តេច?
តើគេប្រើបន្ទះបិតស្បែកពន្យារកំណើតយ៉ាងដូចម្តេច?
មុននឹងអ្នកសម្រេចចិត្តប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនេះ អ្នកចាំបាច់ត្រូវទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីឲ្យគេវាយតម្លៃស្ថានភាពសុខភាពរបស់អ្នក ដែលនឹងកំណត់ថាតើវាសមល្អសម្រាប់អ្នកដែរឬទេ។ នៅក្នុងប្រទេសមួយចំនួន អ្នកនឹងត្រូវការវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតដើម្បីអាចទិញបន្ទះបិតស្បែកពន្យារកំណើតបាន។
បន្ទះនេះវាងាយស្រួលប្រើ និងមានដំណើរការដូចថ្នាំគ្រាប់ពន្យារកំណើតផ្សំដែរ។ បន្ទះនីមួយៗមានប្រសិទ្ធិភាពរយៈពេលមួយសប្តាហ៍។ អ្នកគ្រាន់តែបិទបន្ទះថ្មីមួយនៅលើខ្លួនរបស់អ្នក មួយបន្ទះក្នុងមួយសប្តាហ៍ រយៈពេលបីសប្តាហ៍ជាប់គ្នា។ នៅសប្តាហ៍ទីបួនអ្នកមិនបិតបន្ទះនោះទេ។
អ្នកត្រូវគិតដោយប្រុងប្រយ័ត្នអំពីកន្លែងដែលអ្នកចង់បិតបន្ទះនោះ ព្រោះវាត្រូវនៅកន្លែងនោះជាប់ពេញមួយសប្តាហ៍។ អ្នកចង់ជៀសវាងការដាក់បន្ទះនៅត្រង់កន្លែងដែលអ្នកមានស្បែកយារ ឬផ្នត់ច្រើន។ ត្រូវប្រាកដថាកន្លែងដែលអ្នកនឹងបិតបន្ទះពន្យារកំណើតគឺស្អាត និងស្ងួត ហើយមិនមានការឈឺ រលាក ឬរោមច្រើនពេក។ អ្នកមិនគួរដាក់វានៅកន្លែងដែលវាអាចនឹងរបូតចេញដោយការស្លៀកសម្លៀកបំពាក់តឹងៗនោះទេ។
ដំបូងអ្នកបកតែពាក់កណ្តាលនៃផ្នែកផ្លាស្ទិចចេញប៉ុណ្ណោះ ដូច្នេះអ្នកនឹងមានភាពងាយស្រួលក្នុងការបិតវាកុំឲ្យស្អិតដៃ។ កុំប៉ះផ្នែកស្អិតនៃបន្ទះដោយម្រាមដៃរបស់អ្នក។
ត្រូវសង្កត់ទៅលើបន្ទះនៅលើផ្នែករាងកាយដែលអ្នកសម្រេចចិត្តនឹងបិតវា។ សង្កត់វារយៈពេល ១០ វិនាទីដើម្បីឲ្យវាជាប់បានល្អ។
អ្វីដែលសំខាន់បំផុតដែលអ្នកត្រូវចងចាំគឺអ្នកត្រូវប្រើបន្ទះថ្មីមួយជារៀងរាល់សប្ដាហ៍។ នេះនឹងជួយរក្សាប្រសិទ្ធិភាពរបស់វាក្នុងការការពារការមានផ្ទៃពោះ។
តើអ្នកអាចបិតបន្ទះបិតស្បែកពន្យារកំណើតនោះនៅកន្លែងណាដែរ?
អ្នកអាចបិតវានៅលើគូទ ស្មា ត្រគាក ពោះ ដើមដៃ ឬផ្នែកខាងលើនៃដងខ្លួន។ កុំដាក់លើសុដន់ ប្រដាប់ភេទ បាតជើង ឬបាតដៃ។ បន្ទះគួរតែនៅលើខ្លួនរបស់អ្នកគ្រប់ពេលវេលា ទាំងពេលថ្ងៃ និងពេលយប់ [2] ។
តើបន្ទះបិតស្បែកពន្យារកំណើតអាចបញ្ឈប់ការមករដូវបានដែរឬទេ?
អ្នកអាចនឹងមានរដូវក្នុងសប្តាហ៍ដែលអ្នកមិនបានបិតបន្ទះ។ មនុស្សខ្លះមិនមានរដូវទាល់តែសោះ។ នៅពេលដែលសប្តាហ៍ទីបួនត្រូវ បានបញ្ចប់ សូមចាប់ផ្តើមវដ្តនៃការបិតបន្ទះថ្មីមួយទៀតលើស្បែករបស់អ្នក។ អ្នកអាចនឹងនៅតែមានរដូវនៅពេលដែលដល់ពេលបិតបន្ទះឡើងវិញ។ នេះជារឿងធម្មតាទេ។ អ្នកអាចបិតបន្ទះថ្មីបាននៅក្នុងកាលៈទេសៈនោះ។
គន្លឹះខ្លះៗក្នុងការប្រើប្រាស់បន្ទះបិតស្បែកពន្យារកំណើតឲ្យកាន់តែងាយស្រួលជាងមុន
គន្លឹះទី ១៖ ប្រសិនបើអ្នកចាប់ផ្តើមបិតបន្ទះក្នុងរយៈពេលប្រាំថ្ងៃដំបូងនៃការមករដូវរបស់អ្នក អ្នកត្រូវបានការពារពីការមានផ្ទៃពោះភ្លាមៗតែម្តង។ ប្រសិនបើអ្នកចាប់ផ្តើមថ្ងៃក្រៅពីប្រាំថ្ងៃដំបូងនៃការមករដូវរបស់អ្នក អ្នកនឹងត្រូវរង់ចាំរយៈពេលប្រាំពីរថ្ងៃទើបការពន្យារកំណើតចាប់ផ្តើមមានប្រសិទ្ធិភាព។ អ្នកគួរតែប្រើវិធីសាស្ត្រពន្យារកំណើតបម្រុងណាមួយទៀតក្នុងអំឡុងពេលនេះ។
គន្លឹះទី ២៖ ប្រសិនបើអ្នកមានវដ្តរដូវខ្លីដែលកើតឡើងរៀងរាល់ ២៣ ថ្ងៃ ឬតិចជាងនេះ អ្នកប្រហែលជាមិនត្រូវបានការពារពីការមានផ្ទៃពោះទេ ប្រសិនបើអ្នកចាប់ផ្តើមប្រើបន្ទះបិតស្បែកពន្យារកំណើតនៅថ្ងៃទីប្រាំនៃការមករដូវរបស់អ្នកឬថ្ងៃណាក្រោយពីនោះទៀត ដូចនេះ ការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតបន្ថែមសម្រាប់រយៈពេលប្រាំពីរថ្ងៃដំបូងជាការល្អ [3] ។
គន្លឹះទី ៣៖ កុំប្រើឡេលាបខ្លួន ប្រេង ម្សៅ សាប៊ូ ក្រែម ឬគ្រឿងសម្អាងនៅកន្លែងដែលអ្នកបិតបន្ទះនោះ។ វាអាចធ្វើឲ្យបិតបន្ទះមិនជាប់។
គន្លឹះទី ៤៖ ពិនិត្យមើលបន្ទះរបស់អ្នកជារៀងរាល់ថ្ងៃ ដើម្បីធានាថាវាបានបិតជាប់បានត្រឹមត្រូវ។ វាជារឿងធម្មតាទេដែលវាមានជ័រស្អិតបន្តិចបន្តួចនៅជុំវិញគែមនៃបន្ទះ។
គន្លឹះទី ៥៖ នៅពេលអ្នកបកបន្ទះចេញ សូមបត់វាពាក់កណ្តាលមុនពេលអ្នកបោះវាចោល។ ការធ្វើបែបនេះនឹងជួយការពារកុំឲ្យអរម៉ូនចូលទៅក្នុងដី។ កុំបោះវាចោលក្នុងបង្គន់ឲ្យសោះ។
តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើខ្ញុំភ្លេចបកបន្ទះបិតស្បែកពន្យារកំណើតចេញ?
ប្រសិនបើអ្នកភ្លេចបកបន្ទះរបស់អ្នកចេញក្នុងអំឡុងសប្តាហ៍មិនបិតបន្ទះនោះ អ្នកគ្រាន់តែបកបន្ទះចាស់ចេញ ហើយដាក់អាថ្មីមួយទៀតប៉ុណ្ណោះ។ បន្ទាប់មក អ្នកចងចាំផ្លាស់ប្តូរវានៅថ្ងៃដែលអ្នកត្រូវផ្លាស់ប្តូរតាមកាលវិភាគធម្មតា។ អ្នកនៅតែត្រូវបានការពារពីការមានគភ៌ ប្រសិនបើអ្នកបានប្រើប្រាស់វាបានត្រឹមត្រូវរហូត ក្នុងរយៈពេលមុនការភ្លេចបកវាចេញនោះ។
ប្រសិនបើវាបានកន្លងផុតទៅអស់រយៈពេល ៤៨ ម៉ោង ពីពេលដែលអ្នកត្រូវប្តូរបន្ទះបិត អ្នកគ្រាន់តែបិតបន្ទះថ្មី ហើយប្តូរវាតាមកាលវិភាគធម្មតារបស់អ្នកបានហើយ។ បន្ថែមពីលើនេះទៀត អ្នកគប្បីគួរប្រើវិធីសាស្រ្តពន្យារកំណើតបម្រុងសម្រាប់រយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីពេលនោះ។ ប្រសិនបើអ្នកបានរួមភេទក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកត្រូវប្រើវិធីសាស្រ្តពន្យារកំណើតបន្ទាន់។
ប្រសិនបើអ្នកភ្លេចបកបន្ទះបិតស្បែកពន្យារកំណើតបន្ទាប់ពីសប្តាហ៍ទីបី សូមបកបន្ទះចាស់ចេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយចាប់ផ្តើមសប្តាហ៍ដែលអត់បិតបន្ទះរបស់អ្នកតាមកាលវិភាគធម្មតា។ បន្ទាប់មកចាប់ផ្តើមវដ្តបិតបន្ទះសារជាថ្មី ចាប់ផ្តើមតាមកាលវិភាគរបស់អ្នក។ នេះមានន័យថាអ្នកនឹងកាត់បន្ថយចំនួនថ្ងៃដែលមិនបិតបន្ទះ។ អ្នកក៏ត្រូវបានការពារពីការមានផ្ទៃពោះផងដែរ ហើយនឹងមិនចាំបាច់ប្រើវិធីពន្យារកំណើតបម្រុង នោះទេ[4]។