អ្នកអាចស៊កបញ្ចូលប៉ុងរហូតដល់ ២៤ ម៉ោងមុនពេលអ្នករួមភេទ។ វានឹងមានប្រសិទ្ធភាពភ្លាមៗបន្ទាប់ពីវាត្រូវបានស៊កបញ្ចូល និងវាមានប្រសិទ្ធភាពយៈពេល ២៤ ម៉ោងទៀតបន្ទាប់ពីការដាក់ចូល ដោយមិនអាស្រ័យលើចំនួនដែលអ្នកបានរួមភេទតាមទ្វារមាសនោះទេ។ វាត្រូវការការហាត់សមបន្តិចដើម្បីប្រើវាឲ្យបានត្រឹមត្រូវ (4) ។
របៀបក្នុងការស៊កបញ្ចូលប៉ុងពន្យារកំណើត
– លាងដៃជាមួយសាប៊ូ និងទឹក។ ទុកឲ្យដៃរបស់អ្នកស្ងួត។
– ធ្វើឲ្យប៉ុងសើមជាមួយនឹងទឹកស្អាតយ៉ាងហោចណាស់ ៣០ មីលីលីត្រ។ ប៉ុងនេះត្រូវធ្វើឲ្យសើមទាំងស្រុងដើម្បីធ្វើឲ្យថ្នាំសម្លាប់មេជីវិតឈ្មោលសកម្មឡើង។ ច្របាច់ប៉ុងសើមដោយថ្នមៗដើម្បីធ្វើឲ្យវាមានសភាបសើមស្មើគ្នា។
– ដាក់ផ្នែកនៃប៉ុងដែលខូងផ្ងារឡើង ហើយបត់អេប៉ុងឡើងលើត្រឹមពាក់កណ្តាល។
– រុញប៉ុងចូលទៅក្នុងទ្វារមាសរបស់អ្នកឲ្យជ្រៅ រហូតដល់កន្លែងដែលម្រាមដៃរបស់អ្នកអាចលូកទៅដល់។ ប៉ុងនឹងលាតចេញដោយខ្លួនវា ហើយគ្របមាត់ស្បូនរបស់អ្នកនៅពេលអ្នកលែងដៃចេញ។
– លូកម្រាមដៃរបស់អ្នកជុំវិញគែមរបស់ប៉ុង ដើម្បីប្រាកដថាវានៅនឹងកន្លែង។ អ្នកគួរតែអាចមានអារម្មណ៍ថាមានចំណងនីឡុងនៅផ្នែកខាងក្រោមនៃប៉ុង។
– សម្រាប់ប៉ុងមួយ អ្នកគួរដាក់បញ្ចូលវាតែម្តងគត់។ កុំប្រើប៉ុងឡើងវិញម្តងទៀត។ នៅពេលដែលដាក់វាចូល អ្នកអាចរួមភេទបានប៉ុន្មានដងក៏ដែរតាមដែលអ្នកចង់។
– ពេលដាក់ចូលក្នុងទ្វារមាសហើយ អ្នកអាចរួមភេទបានហើយ!
– ទុកប៉ុងក្នុងទ្វារមាសយ៉ាងហោចណាស់ប្រាំមួយម៉ោងក្រោយពេលរួមភេទ ប៉ុន្តែមិនត្រូវទុកចោលលើសពី ៣០ ម៉ោងក្រោយពេលដាក់បញ្ចូលទេ។
របៀបក្នុងការដកប៉ុងពន្យារកំណើតចេញ
– លាងដៃជាមួយសាប៊ូ និងទឹក។
– ដាក់ម្រាមដៃចូលទៅក្នុងទ្វារមាសរបស់អ្នក ហើយរកចំណងនីឡុងឲ្យបាន។
– ពេលដែលអ្នកចាប់បានចំណងនីឡុងនោះហើយ ចូរទាញប៉ុងចេញមកយឺតៗ និងថ្នមៗ។
– បោះប៉ុងចោលក្នុងធុងសំរាម។ ហើយទុកនៅកន្លែងដែលឆ្ងាយពីកុមារ និងសត្វ។