តើអ្វីទៅជាប៉ុងពន្យារកំណើត?
អេប៉ុងពន្យារកំណើត ត្រូវបានគេស្គាល់ថាជាអេប៉ុងពន្យារកំណើតរបស់ទ្វារមាស គឺជាដុំមូលធ្វើឡើងពីស្នោរផ្លាស្ទិកពណ៌ស ដែលគេធ្វើឲ្យជោគ និងស៊កចូលទៅក្នុងទ្វារមាសមុនពេលរួមភេទ។ វាមានទទឹង ៥ សង់ទីម៉ែត្រ មានស្នាមខូងនៅផ្នែកដែលដាក់បញ្ចូលទៅក្នុងទ្រវាមាស និងភ្នាសធ្វើពីសារធាតុ polyester នៅម្ខាងទៀតដើម្បីជួយសម្រួលដល់ការដកចេញ។
អ្នកអាចស៊កបញ្ចូលវារហូតដល់ទៅ ២៤ ម៉ោងមុនពេលរួមភេទ ហើយអេប៉ុងនីមួយៗអាចប្រើបានតែម្តងគត់ (1)។
តើប៉ុងពន្យារកំណើតមានដំណើរការដូចម្តេច?
អេប៉ុងពន្យារកំណើតបង្ការការមានផ្ទៃពោះតាមរយៈពីរវិធី៖
– វារារាំងមេជីវិតឈ្មោលមិនឲ្យចូលទៅក្នុងស្បូនរបស់អ្នកដោយធ្វើជារបាំងពាំងមាត់ស្បូនរបស់អ្នក។ ស្នាមខូងនៅផ្នែកម្ខាងនៃអេប៉ុងត្រូវបានបំពាក់ពីលើមាត់ស្បូន ដើម្បីផ្តល់របាំងរារាំងការពារមេជីវិតឈ្មោលមិនឲ្យចូលទៅដល់មាត់ស្បូន។
– វាបន្តបញ្ចេញសារធាតុសម្លាប់មេជីវិតឈ្មោលរហូតក្នុងកំឡុងពេលដែលដាក់ចួលទ្វារមាស។
តើប៉ុងពន្យារកំណើតមានរូបរាងដូចម្តេច?
តើប៉ុងពន្យារកំណើតមានប្រសិទ្ធភាពដូចម្តេច?
ប្រសិទ្ធភាពនៃអេប៉ុងពន្យារកំណើតគឺអាស្រ័យលើរបៀបដែលអ្នកប្រើវា។ ហានិភ័យនៃការមានផ្ទៃពោះកើនឡើងនៅពេលអេប៉ុងមិនត្រូវបានប្រើប្រាស់រាល់ពេលដែលរួមភេទ។
អេប៉ុងពន្យារកំណើតមិនមែនជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតនោះទេ ជាពិសេសប្រសិនបើអ្នកធ្លាប់មានកូនរួចហើយ។ ជាមួយនឹងការប្រើប្រាស់តាមរបៀបធម្មតា មានតែ ៧៦ ទៅ ៨៨ នាក់ក្នុងចំណោម ១០០ នាក់ប៉ុណ្ណោះដែលអាចបង្ការការមានផ្ទៃពោះបាន។
សម្រាប់ស្ត្រីដែលមិនទាន់សម្រាលកូន អត្រាបរាជ័យគឺ ១៦% ជាមួយនឹងការប្រើប្រាស់តាមធម្មតា និង ៩% ជាមួយនឹងការប្រើប្រាស់ល្អឥតខ្ចោះ។ នេះមានន័យថាជាមួយនឹងការប្រើប្រាស់តាមធម្មតាវាមានប្រសិទ្ធភាព ៨៤% ខណៈពេលដែលការប្រើប្រាស់ល្អឥតខ្ចោះវាមានប្រសិទ្ធភាព ៩១% ក្នុងការការពារការមានផ្ទៃពោះ។
សម្រាប់ស្ត្រីដែលមានកូនរួចហើយ អត្រាបរាជ័យគឺខ្ពស់ជាង ៣២% ជាមួយនឹងការប្រើប្រាស់តាមធម្មតា និង ២០% នៅពេលប្រើប្រាស់បានយ៉ាងល្អឥតខ្ចោះ។ នេះមានន័យថាជាមួយនឹងការប្រើប្រាស់តាមធម្មតាវាមានប្រសិទ្ធភាព ៦៨% ខណៈពេលដែលការប្រើប្រាស់ល្អឥតខ្ចោះវាមានប្រសិទ្ធភាព ៨០% ក្នុងការការពារការមានផ្ទៃពោះ (2) ។
ទោះបីជាវាត្រូវបានចាត់ថ្នាក់ថាជាវិធីសាស្ត្រពន្យារកំណើតដែលស្ថិតក្នុងចំណោមវិធីសាស្រ្តដែលមានប្រសិទ្ធភាពតិចបំផុត (វាមានប្រសិទ្ធភាពតិចជាង សន្ទះពាំងមាត់ស្បូន) ប្រសិទ្ធភាពនៃអេប៉ុងពន្យារកំណើតកើនឡើងនៅពេលវាប្រើរួមគ្នាជាមួយស្រោមអនាម័យ (3)។