តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណាឱ្យឈានដល់ចំណុចកំពូល អំឡុងពេលប្រើវិធីពន្យារកំណើតអ័រម៉ូនបន្ថែមលើវិធីសាស្ត្ររារាំង។ ក្នុងករណីខ្លះ ក៏មានកំហុសកើតឡើងដែរ។ ពេលខ្លះ យើងក៏ភ្លេចខ្លួន ឬវិធីសាស្ត្រដែលយើងគិតថាមិនអីតែបែរជាមិនមានប្រសិទ្ធភាពទៅវិញ។ វាអាចនឹងកើតឡើង។ កន្លែងមួយនេះគឺមិនមានការវិនិច្ឆ័យ នៅពេលមានស្ថានភាពបែបនេះកើតឡើង។
ជារឿយៗនៅពេលរឿងបែបនេះកើតឡើង យើងតែងតែមានការភ័យខ្លាច។ ប្រហែលវាគ្រាន់តែជារឿងសប្បាយមួយយប់ជាមួយបុរសសង្ហារដែលយើងបានជួបនៅបារ ឬប្រហែលជាមួយដៃគូជីវិតដែលបានឯកភាពលើការមិនទាន់យកកូន។ ទោះបីជាកាលៈទេសៈយ៉ាងណាក៏ដោយនៅពេលដែលការរួមភេទមិនមានសុវត្ថិភាព ភាពភ័យខ្លាចចំពោះការមានផ្ទៃពោះដោយចៃដន្យច្បាស់ជាកើតមានឡើង។ តាមពិតបន្ទាប់ពីរួមភេទដោយមិនបានការពារ នៅមានវិធីជាច្រើនដែលអ្នកអាចបញ្ឈប់ការមានផ្ទៃពោះដោយចៃដន្យបាន។
អត្ថបទនេះនឹងបង្ហាញពីវិធីដែលមានប្រសិទ្ធភាពពីរយ៉ាង ដែលអ្នកអាចប្រើប្រាស់ដើម្បីចៀសវាងការមានផ្ទៃពោះបន្ទាប់ពីរួមភេទដោយមិនបានការពារ។ អ្នកត្រូវដឹងថាជម្រើសទាំងនេះមិនអាចការពារ អ្នកពីការឆ្លងជំងឺកាមរោគ ដែលឆ្លងតាមការរួមភេទដោយមិនមានសុវត្ថិនោះទេ ហើយវាជាការចំបាច់ ប្រសិនបើអ្នករកឃើញថាខ្លួនស្ថិតក្នុងស្ថានភាពនេះ អ្នកគួរទៅពិនិត្យរកជំងឺកាមរោគ ជាពិសេសនៅពេលដែលអ្នកមិនបានដឹងពីប្រវត្តិផ្លូវភេទរបស់ដៃគូរអ្នក។
ជម្រើសដំបូងដែលអ្នកអាចស្វែងយល់ដើម្បីចៀសវាងការមានផ្ទៃពោះបន្ទាប់ពីការរួមភេទដោយមិនបានការពារ គឺថ្នាំពន្យារកំណើតបន្ទាន់។ នៅក្នុងប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ ដូចជាប្រទេសកម្ពុជា អ្នកតម្រូវឱ្យមានវេជ្ជបញ្ជាដើម្បីទិញថ្នាំ ដូច្នេះសូមចងចាំចំណុចនេះទុកនៅពេលដែលអ្នកចង់ប្រើប្រាស់ជម្រើសនេះ។ ថ្នាំពន្យារកំណើតបន្ទាន់មានប្រសិទ្ធភាពរហូតដល់៥ថ្ងៃ បន្ទាប់ពីអ្នកបានរួមភេទដោយមិនមានការពារ។ ថ្នាំពន្យារកំណើតបន្ទាន់នេះមានពីរប្រភេទ ដែលប្រភេទមួយមានថ្នាំចំនួន២គ្រាប់នៅក្នុងកញ្ចប់ នៅពេលលេបគ្រាប់ទី១ហើយ គ្រាប់ទី២ត្រូវលេប៧២ម៉ោងបន្ទាប់។ ចំណែកឯ ប្រភេទមួយទៀតមានថ្នាំតែមួយគ្រាប់ប៉ុណ្ណោះ ដែលត្រូវប្រើឱ្យបានលឿនបំផុតក្នុងរយៈពេល៥ថ្ងៃ។ ថ្នាំពន្យារកំណើតបន្ទាន់រារាំងការបញ្ចេញពងអូវុល ដោយការបញ្ឈប់ការបញ្ចេញស៊ុត ឬដោយការធ្វើឲ្យសារធាតុរាវមាត់ស្បូនកាន់តែក្រាស់ធ្វើឲ្យស៊ុតពិបាកធ្លាក់ ប៉ុន្តែវាក៏អាស្រ័យលើវដ្តរដូវរបស់អ្នក។ បន្ទាប់ពីលេបថ្នាំនេះរួច អ្នកអាចមានរដូវភ្លាមៗ ប៉ុន្តែនេះក៏ពឹងផ្អែកទៅលើចំនុចនៃវដ្តរដូវដែលអ្នកកំពុងមាន។ ចំនុចសំខាន់ដែលអ្នកគួរកត់សម្គាល់មួយទៀតគឺ ថ្នាំពន្យារកំណើតបន្ទាន់ជាទូទៅភា្ជប់ជាមួយនឹងកម្រិតទំងន់ តែនៅលើកញ្ចប់ថ្នាំមិនបានបញ្ជាក់លម្អិតនោះទេ។ បើសិនជាអ្នកព្រួយបារម្ភអំពីទំងន់របស់អ្នកដែលអាចប៉ះពាល់លើប្រសិទ្ធភាពនៃថ្នាំ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីទទួលបានព័ត៌មានបន្ថែមអំពីជម្រើសរបស់អ្នក។ ដោយសារវាជាជម្រើសពន្យារកំណើតមួយដែលមានផលប៉ះពាល់តិចតួច ជម្រើសនេះអាចប្រើបានច្រើនដង ទោះជាយ៉ាងណាក្តី យើងលើកទឹកចិត្តអោយអ្នកស្វែងរកវិធីពន្យារកំណើតរយៈពេលវែងបន្ទាប់ពីប្រើប្រាស់វារួច ដូច្នេះអ្នកនឹងមិនមានផ្ទៃពោះដោយចៃដន្យ។
បើសិនអ្នកស្ថិតក្នុងស្ថានភាពលំបាកនោះ ជម្រើសទី ២ គឺការដាក់កងក្នុងស្បូន។ វិធីសាស្រ្តនេះមានប្រសិទ្ធភាពជាងថ្នាំពន្យារកំណើតបន្ទាន់ ប៉ុន្តែដោយសារតែវាត្រូវការការណាត់ជួបជាមួយគ្រូពេទ្យដើម្បីដាក់បញ្ចូល វាអាចនឹងធ្វើឲ្យពិបាកក្នុងការទទួលបានសេវាកម្ម។ កងដាក់ក្នុងស្បូនអាចមានទម្រង់មធ្យោបាយពន្យារកំណើតបែបអរម៉ូន ដែលអរម៉ូនត្រូវបញ្ចេញ ឬក៏អាចជាជម្រើសមិនមែនទម្រង់អរម៉ូន គឺវាពឹងផ្អែកលើសរសៃតូចៗនៃខ្សែទង់ដែងធ្វើឱ្យរាំងស្ទះដល់ការផ្សាំពង។ ប្រសិនបើកងដាក់ក្នុងស្បូនត្រូវបានបញ្ចូលក្នុងរយៈពេល៥ថ្ងៃ បន្ទាប់ពីរួមភេទដោយមិនការពារ វាអាចបញ្ឈប់លំហូរទឹកកាម និងបិតសមត្ថភាពក្នុងការរកពងអូវុលដើម្បីផ្សាំ។ នេះមានន័យថាអ្នកនឹងមិនមានផ្ទៃពោះ។ អ្វីដែលអស្ចារ្យអំពីជម្រើសនេះ គឺព្រួញមួយបាញ់បានសត្វពីរ។ វាមិនត្រឹមតែជាមធ្យោបាយនៃការពន្យារកំណើតបន្ទាន់ប៉ុណ្ណោះទេ តែវាក៏ផ្តល់ឱ្យអ្នកនូវការការពាររយៈពេលវែង ហើយអ្នកមិនចាំបាច់ប្រើវិធីពន្យារកំណើតផ្សេងដើម្បីការពារការមានផ្ទៃពោះដោយមិនបានគ្រោងទុក។ យ៉ាងណាមិញ ជម្រើសពន្យារកំណើតនេះមិនអាចការពារពីជំងឺកាមរោគបានឡើយ ប្រសិនបើអ្នកមានដៃគូរួមភេទច្រើនឬមិនច្បាស់អំពីប្រវត្តិផ្លូវភេទរបស់ដៃគូរ អ្នកគួរប្រើជម្រើសពន្យារកំណើតផ្សេងទៀតដូចជាស្រោមអនាម័យសម្រាប់បុរសឬស្រ្តី។
ដូច្នេះខ្ញុំសង្ឃឹមថាអត្ថបទនេះបានជួយក្នុងការបញ្ជាក់ព័ត៌មានទៅលើអ្វីដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នក មិនចង់មានផ្ទៃពោះដោយចៃដន្យបន្ទាប់ពីរួមភេទមិនប្រើវិធីការពារ សូមចូលទៅគេហទំព័រ findmymethod.org ដើម្បីទទួលបានព័ត៌មានអំពីកន្លែងដែលអ្នកអាចទទួលបានជម្រើសពន្យារកំណើតបន្ទាន់ទាំងនេះ។ លើសពីនេះ បើសិនអ្នកចង់ស្វែងរកសេវាកម្មរំលូតសុវត្ថិភាព គេហទំព័រ safe2choose.org គឺជាប្រភពដ៏ល្អមួយសម្រាប់ការធ្វើស្វែងយល់ពីការរំលូតផងដែរ។