ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រាន់តែចុចប៉ុន្មានប៊ូតុងនោះទេ។
បើតាមការស្រាវជ្រាវរបស់ Statista ចំនួនអ្នកដែលប្រើប្រាស់ Tinder គឺរំពឹងថានឹងកើនឡើងហួស ៥៧លាននាក់នៅឆ្នាំ២០២១ ហើយអ្នក Millennial (អ្នកដែលកើតពីឆ្នាំ១៩៨១ ដល់១៩៩៦) គឺជាអ្នកប្រើប្រាស់ច្រើនជាងគេនៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ Tinder មិនមែនជា App ទាក់ទងស្នេហាតាមអនឡាញតែមួយនោះទេ។ មាន App ជាច្រើនទៀត ដែលមួយៗគឺសុទ្ធតែព្យាយាមទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើ ដោយសន្យាថានឹងជួយស្វែងរក «គូព្រេង»។

consent hook up culture casual sex emergency contraceptive pill

ប៉ុន្តែសម្រាប់មនុស្សជាច្រើន ការទំនាក់ទំនងតាមអនឡាញ គឺមិនសូវជាដើម្បីស្វែងរកមនុស្សម្នាក់ដើម្បីមករៀបការជាមួយទេ តែគឺដើម្បីស្វែងរកអ្នកមកចូលរួមសកម្មភាពផ្លូវភេទជាមួយ។ នេះបង្កើតឲ្យមានវប្បធម៌នៃការរួមភេទដោយមិនមានទំនាក់ទំនងស្នេហា។

វប្បធម៌នៃការរួមភេទដោយមិនមានទំនាក់ទំនងស្នេហា គឺសំដៅទៅលើការទទួលយកការជួបដើម្បីធ្វើការរួមភេទដោយមិនមានទំនាក់ទំនងស្នេហា ដែលនេះរួមមាន one-night-stand (ការរួមភេទជាមួយអ្នកដែលមិនស្គាល់គ្នាតែមួយយប់) និងការរួមភេទដោយមិនមានការរំពឹងថានឹងមានបង្កើតជាទំនាក់ទំនងជាប់លាប់។ ប៉ុន្តែសកម្មភាពបែបនេះមិនត្រូវបានទទួលយកដោយមហាជនទាំងអស់នោះទេ ដោយវប្បធម៌ខ្លះនៅតែគិតថា វាជារឿងមិនគួរធ្វើ ជាពិសេសវប្បធម៌ដែលមិនទទួលយកការរួមភេទមុនពេលរៀបការ និងធ្វើការបន្ទោសទៅលើស្រ្តីដែលបានចូលរួមសកម្មភាពផ្លូវភេទ។ នេះជាទូទៅគឺបណ្តាលមកពីបិតាធិបតេយ្យ និងការបន្ទាបតម្លៃមនុស្សស្រី។

consent hook up culture casual sex emergency contraceptive pill

ទោះជាមានទំនាស់បែបនេះក៏ដោយ ការអនុវត្តបែបនេះគឺនៅតែមាន ប៉ុន្តែការរួមភេទដោយមិនមានទំនាក់ទំនងស្នេហា និងវប្បធម៌នៃការរួមភេទដោយមិនមានទំនាក់ទំនងស្នេហា គឺលើសពីការចំណាយពេលសប្បាយមួយយប់ក្នុងរង្វង់ដៃរបស់អ្នកដែលមិនស្គាល់គ្នា។ មានហានិភ័យដែលអាចប្រឈម ហើយមួយក្នុងចំណោមនោះគឺការរំលោភ បំពាន។ បើតាមស្ថិតិរបស់ National Library of Medicine អត្រានៃការរំលោភក្នុងករណីជួបដើម្បីបង្កើតទំនាក់ទំនងស្នេហា (dating) គឺមានពី១៣%ទៅ២៧%ក្នុងចំណោមស្រ្តីចន្លោះអាយុរៀនសកលវិទ្យាល័យ។

នេះជាតួលេខដែលគួរឲ្យបារម្ភមួយ។

មានអត្ថបទ និងវីដេអូជាច្រើនដែលបង្ហាញ និងឲ្យយោបល់ផ្សេងៗទៅស្រ្តីដើម្បីជៀសវាងការរំលោភពេលទៅជួបដៃគូ ប៉ុន្តែទំនួលខុសត្រូវក្នុងការជៀសវាងការរំលោភមិនគួរធ្លាក់ទៅលើស្រ្តីនោះទេ ព្រោះបើអ្នករំលោភមិនធ្វើការរំលោភ ក៏មិនមានករណីរំលោភកើតមានឡើងដែរ។ នេះមានន័យថា ទំនួលខុសត្រូវគឺស្ថិតនៅលើអ្នកប្រព្រឹត្ត ដែលក្នុងករណីភាគច្រើន គឺជាមនុស្សប្រុស។

consent hook up culture casual sex emergency contraceptive pill

នេះហើយបានជាការព្រមព្រៀងគ្នាគឺសំខាន់ណាស់ដែលមនុស្សទាំងឡាយគួរដឹង។ ការព្រមព្រៀងគឺលើសពីការមិននិយាយថា «ទេ»។ វាគឺជាការឆ្លើយថា «យល់ព្រម» ដោយស្មគ្រចិត្ត និងមានការរំភើប! វាគឺជាការឆ្លើយយល់ព្រមដោយស្ថិតក្រោមឥទ្ធិពលនៃសារធាតុណាមួយ ឬឆ្លើយថាយល់ព្រមដោយមិនមានការភ័យខ្លាច។ 

នៅពេលដែលចូលរួមសកម្មភាពផ្លូវភេទ បើទោះជាជាមួយដៃគូរយៈពេលយូរ ឬអ្នកមិនស្គាល់គ្នាដែលទើបនឹងជួបនៅលើ app ក៏ដោយ អ្នកត្រូវតែសុំការព្រមព្រៀងរាល់ពេល និងរាល់សកម្មភាព។ ប្រសិនបើមិនមានការយល់ព្រមដោយស្មគ្រចិត្តនោះទេ សកម្មភាពផ្លូវភេទនោះនឹងក្លាយជាការរំលោភបំពាន។

ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនមិនបានគិតថា ការសុំការព្រមព្រៀងគឺរួមបញ្ចូលទាំងការប្រាប់ពីប្រវត្តិសុខភាពផ្លូវភេទរបស់អ្នក មានន័យថា តើអ្នកមានជំងឺកាមរោគដែរឬទេ។ ប្រសិនបើដៃគូរបស់អ្នកយល់ព្រមចូលរួមសកម្មភាពផ្លូវភេទជាមួយអ្នក ដោយមិនដឹងពីហានិភ័យនោះទេ វាមិនមែនជាការព្រមព្រៀងពេញលេញដោយមានព័ត៌មានក្នុងដៃនោះទេ។ នៅប្រទេសជាច្រើន វាគឺជាអំពើខុសច្បាប់ទៀត។ ប្រសិនបើអ្នកមានជំងឺកាមរោគ អ្នកត្រូវតែប្រាប់ដៃគូរបស់អ្នកដើម្បីឲ្យគេធ្វើការសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់។

វាគឺជាការនិយាយគ្នាដែលពិបាក ហើយក៏អាចគួរឲ្យខ្លាចដែរ​ ប៉ុន្តែវាចាំបាច់។ ជំងឺកាមរោគគឺកើតឡើងលើមនុស្សជាច្រើន ហើយវាមិនគួរត្រូវបានចាត់ទុកថាជារឿងអាក្រក់នោះទេ។ ជំងឺកាមរោគជាច្រើនគឺអាចព្យាបាលជាបាន។ ប៉ុន្តែប្រសិនបើអ្នកមិនប្រាប់ដៃគូនោះទេ នោះអ្នកកំពុងតែបង្កើនការឆ្លងដោយចេតនា។ លើសពីនោះទេ ប្រសិនបើអ្នក និងដៃគូរបស់អ្នកបានដឹងមុន នោះអ្នកអាចចាត់ចែងវិធីសាស្រ្តការពារ ដូចជាការប្រើប្រាស់ស្រោមអនាម័យជាដើម។

consent hook up culture casual sex emergency contraceptive pill

ទោះជាបែបនេះក៏ដោយ មានករណីខ្លះដែលស្រោមអនាម័យបែក។ ឬអ្នកភ្លេចលេបថ្នាំគ្រាប់ពន្យារកំណើត។ ឬអ្នកមិនប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតទាល់តែសោះ។ ប្រសិនបើអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហាភេទផ្ទុយគ្នា ការមានផ្ទៃពោះដោយមិនបានគ្រោងទុក អាចកើតឡើងបាន។

តែអ្នកមិនបាច់ភ័យខ្លាចទេ។ ប្រសិនបើអ្នកដឹងថា ស្រោមអនាម័យបានបែក ឬអ្នកភ្លេចប្រើប្រាស់ស្រោមអនាម័យ អ្នកអាចប្រើប្រាស់ថ្នាំគ្រាប់ការពារកំណើតបន្ទាន់។ ថ្នាំគ្រាប់ការពារកំណើតបន្ទាន់ គឺជាថ្នាំការពារការមានផ្ទៃពោះបន្ទាប់ពីការរួមភេទដោយមិនបានការពារ បានដល់ទៅ៥ថ្ងៃ។ ប្រសិទ្ធិភាពរបស់វា គឺដល់ទៅ៩៥% ប៉ុន្តែប្រសិនបើអ្នកចាំកាន់តែយូរ ប្រសិទ្ធិភាពនឹងកាន់តែថយចុះ អ៊ីចឹងអ្នកត្រូវតែលេបកាន់តែឆាប់កាន់តែល្អ។

ថ្នាំគ្រាប់ការពារកំណើតបន្ទាន់ គឺមានសុវត្ថិភាពក្នុងការប្រើ។ អ្នកអាចជួយប្រទះផលរំខានមួយចំនួនដូចជា វិលមុខ រដូវមិនទៀង ឬធ្លាក់ឈាមបន្តិចបន្តួច ប៉ុន្តែផលរំខាននេះនឹងបាត់ទៅវិញឆាប់ៗទេ។ វាមិនជាការដែលគួរឲ្យលើកទឹកចិត្តនោះទេ ប៉ុន្តែអ្នកអាចប្រើប្រាស់ថ្នាំគ្រាប់ការពារកំណើតបន្ទាន់បានច្រើនជាងម្តងក្នុងវដ្តរដូវមួយ តែត្រូវដឹងថា វាអាចនាំឲ្យផលរំខានច្រើនជាងមុនដោយសារតែកម្រិតជាតិអរម៉ូន។ ទោះជាបែបនេះក៏ដោយ មិនមានហានិភ័យសុខភាពអចិន្ត្រៃយ៍នឹងកើតឡើងនោះទេ។

consent hook up culture casual sex emergency contraceptive pill

មនុស្សគ្រប់គ្នាដែលមានស្បូន គឺអាចប្រើប្រាស់ថ្នាំគ្រាប់ការពារកំណើតបន្ទាន់បាននៅគ្រប់វ័យ។ អ្នកអាចទិញបានដោយមិនមានវេជ្ជបញ្ជានៅតាមហ្វាម៉ាស៊ីដែលនៅជិតអ្នក។ វាអាចមានមួយ ឬពីរគ្រាប់ អាស្រ័យទៅតាមម៉ាក ប៉ុន្តែវាមានប្រសិទ្ធិភាពដូចគ្នានោះទេ។

ថ្នាំគ្រាប់ការពារកំណើតបន្ទាន់គឺជាវិធីសាស្រ្តពន្យារកំណើតងាយស្រួលមួយសម្រាប់អ្នកដែលមិនមានដៃគូជាប់លាប់ ឬអ្នកដែលធ្វើការរួមភេទដោយមិនមានទំនាក់ទំនងស្នេហា ប៉ុន្តែវាមិនត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់ជាវិធីសាស្រ្តជាប្រចាំនោះទេ។ ប្រសិនបើអ្នកសកម្មក្នុងការរួមភេទ អ្នកគួរគិតគូរជ្រើសរើសប្រើប្រាស់វិធីសាស្រ្តដូចជា ថ្នាំគ្រាប់ ថ្នាំចាក់ កងក្រោមស្បែក និងកងក្នុងស្បូន។

ត្រូវចាំថា ថ្នាំគ្រាប់ការពារកំណើតបន្ទាន់ត្រូវតែប្រើក្រោយពេលរួមភេទដោយមិនបានការពារ មិនមែនមុននោះទេ។ ហើយថ្នាំគ្រាប់ការពារកំណើតបន្ទាន់មិនអាចការពារពីជំងឺកាមរោគនោះទេ អ៊ីចឹងប្រសិនបើអ្នកមិនច្បាស់ពីស្ថានភាពសុខភាពរបស់ដៃគូ អ្នកត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់ស្រោមអនាម័យដើម្បីការពារបន្ថែម។

មានការគិតមិនល្អជាច្រើនទៅលើវប្បធម៌នៃការរួមភេទដោយមិនមានទំនាក់ទំនងស្នេហា ជាពិសេសទៅលើស្រ្តី ប៉ុន្តែប្រសិនបើអនុវត្តក្នុងស្ថានភាពសុវត្ថិភាព និងមានការព្រមព្រៀង វាគឺជាវិធីសាស្រ្តមួយក្នុងការអនុវត្តស្វ័យភាពរាងកាយ និងជីវិតផ្លូវភេទ។ មិនមានអ្នកណាម្នាក់ដែលគួរត្រូវបានគេម៉ាកងាយ ឬស្តីបន្ទោសនោះទេ។

នៅពេលដែលអ្នកអូសទៅស្តាំលើកក្រោយ កុំភ្លេចសុំការព្រមព្រៀង ការពារ និងរក្សាសុវត្ថិភាពផង។